ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសាកសួរសុខទុក្ខវីរយុទ្ធជននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រងរបួស ក្នុងសមរភូមិការពារបូរណភាពទឹកដី
AKP កំពង់ធំ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំសហការី ទៅសាកសួរសុខទុក្ខវីរយុទ្ធជននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលរងរបួសក្នុងសមរភូមិការពារបូរណភាពទឹកដី នៅព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសបន្ត នៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនៅគេហដ្ឋាន ដើម្បីត្រៀមទៅពិនិត្យព្យាបាលមុខរបួសឡើងវិញនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញតាមវេជ្ជបញ្ជា។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនវីរយុទ្ធជនរបស់យើង ដែលបានគោរពបទបញ្ជា និងតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិកម្ពុជានៃយើងពីការឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃពីពួកចោរសៀម និងបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលរបួសបងប្អូនឱ្យបានឆាប់រហ័សជាសះស្បើយ ដើម្បីបានវិលត្រឡប់ទៅកាន់សមរភូមិមុខវិញ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភថវិកា ភេសជ្ជៈ កន្ត្រកផ្លែឈើ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់វីរយុទ្ធជនយើង ចំនួន៤រូប ដើម្បីជួយសម្រាលនូវការលំបាក និងជាសោហ៊ុយសម្រាប់បន្តទៅពិនិត្យព្យាបាលមុខរបួសបន្តទៀតតាមការណាត់របស់វេជ្ជបណ្ឌិតព្រមទាំងបានចាត់តាំងរថយន្តគិលានសង្គ្រោះ ដើម្បីជូនដំណើរបងប្អូនទៅកាន់មមន្ទីរពេទ្យនៅរាជធានីភ្នំពេញផងដែរ៕
ដោយ ស៊ុម វណ្ណា





