ក្រសួងធនធានទឹក បង្ហាញការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦–បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៦ ដោយផ្អែកទៅលើបាតុភូត សកល និងស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា បាតុភូតឡានីញ៉ា (La Niña) នឹងបន្តរហូតដល់ខែកុម្ភៈក្នុងកម្រិត៥០% និងជំនួសមកវិញនូវបាតុភូត អែនសូអព្យាក្រឹត (ENSO-Neutral) ដែលកើនឡើងដល់៩០% នៅខែមេសា និង ៨០% នៅក្នុងខែឧសភា ឆ្នាំ២០២៦ ដោយឡែកបាតុភូតអោយអូឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១. រដូវប្រាំង
១.១.សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។ នៅពេលយប់ ចាប់ពីខែមករា ដល់ដើមខែកុម្ភៈ តំបន់ខ្ពង់រាបដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងមធ្យមអតិបរមា៣០°C។
១.២.បរិមាណទឹកភ្លៀង៖ នៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំដងរែក ជួរភ្នំបូកគោ និងតំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែអាចចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែមីនា ដែល មានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៥ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។
២. ដើមរដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។
២.១.សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។
២.២.បរិមាណទឹកភ្លៀង៖ មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណភ្លៀងធ្លាក់មានពីមធ្យមទៅច្រើនជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើងច្រើន។ រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ជាពិសេស តំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាព អាកាសធាតុដែលមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើនក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា៕

ដោយ៖ គង់ សិរីរ័ត្ន





