សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងសួរសុខទុក្ខ វីរៈកងទ័ពកម្ពុជាទាំង១៨រូប និងក្រុមគ្រួសារ
AKP ភ្នំពេញ ថ្ងៃទី0១ ខែមករា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង ១៨រូប និងក្រុមគ្រួសារចូល នៅវិមាន៧មករា រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកាន់កម្ពុជាវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈកងទ័ពទាំង១៨រូប ដែលបានមកជួបជុំក្រុមគ្រួសារឡើងវិញ។ សម្តេចតេជោបានបង្ហាញនូវការយល់អំពីអារម្មណ៍របស់វីរៈយុទ្ធជនរបស់យើងក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ពីការលំបាក និងទុក្ខសោកពីការព្រាត់ប្រាស់គ្នាដោយសារសម្តេចផ្ទាល់សម្តេចបានឆ្លងកាត់ពិសោធន៍នៃការព្រាត់ប្រាស់ពីក្រុមគ្រួសារកាលពីពេលដែលសម្តេចបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូច្នេះសម្តេចបានយល់ពីការលំបាករបស់ក្រុមគ្រួសារ យល់ពីការលំបាករបស់វីរៈយុទ្ធជនរបស់យើង។

សម្តេចតេជោក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្តេចផ្ទាល់ក៏បានយកចិត្តទុកដាក់ និងតាមដានជាប្រចាំអំពីស្ថានភាពក៏ដូចជាទុក្ខលំបាករបស់វីរៈយុទ្ធជនទាំង១៨រូបនេះផងដែរ។ សម្តេចតេជោក៏បានរំលេចផងដែរថា ព្រះមហាក្សត្រនៃយើង រួមទាំងសម្តេចម៉ែ ព្រះអង្គទាំងទ្វេក៏បានយកព្រះរាជហឬទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨រូប រួមទាំងវីរៈយុទ្ធជនទាំងអស់ដែលបានការពារនៅតាមព្រំដែនផងដែរ ដែលនេះគឺជាការយកចិត្តទុកដាក់មួយពីថ្នាក់ដឹកនាំនៃយើងគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះសម្តេចតេជោប្រធានព្រឹទ្ធសភាក៏បានបង្ហាញនូវក្តីរំភើបមួយទៀត ដោយកាលពីម្សិលមិញសម្តេចបានឃើញពីការផ្សាយផ្ទាល់ពីការមកដល់មាតុភូមិកំណើតវិញរបស់វីរៈយុទ្ធជនទាំង១៨រូប ដែលរូបសម្តេចផ្ទាល់បានស្រក់ទឹកភ្នែកនៅពេលបានឃើញពីការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនរបស់យើងនៅគ្រប់មជ្ឈដ្ឋានចំពោះការមកដល់នៃវីរៈយុទ្ធជនរបស់យើងទាំង១៨រូប។សម្តេចតេជោបានគូសបញ្ជាក់ថា នេះគឺជាស្មារតីមហាសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំធេងបំផុតសម្រាប់វីរៈយុទ្ធជនរបស់យើងក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរៈយុទ្ធជនរបស់យើងនៅឯសមរភូមិមុខផងដែរ។ សម្តេចតេជោក៏បានជូនពរដល់វីរៈយុទ្ធជនទាំង១៨រូប និងក្រុមគ្រួសារសូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានរស់នៅជាមួយក្រុមគ្រួសារឡើងវិញ៕
ដោយ៖ ចាន់ សុភឿន





