អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិកស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ សេចក្តីប្រកាសព័ត៌មានស្តីពីការរក្សាបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ លោក THOMAS "TOMMY" PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិក សូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកបានលើកឡើងថា សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លួវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោក THOMAS "TOMMY" PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា៖ «យើងសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ»។ ជាមួយគ្នានេះដែរ លោកអ្នកនាំពាក្យរងបានបន្ថែមថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា៕
ដោយ៖ រិទ្ធី





