អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥--លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្រសួងការពារជាតិបានសង្កេតឃើញបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា ”កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ”។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹងឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចាត់ទុកកាតព្វកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាព ការការពារអាយុជីវិតរបស់ជនស៊ីវិល មិនថាជាពលរដ្ឋខ្មែរ និងជាជនបរទេស រួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ ជាអាទិភាពខ្ពស់បំផុត។
ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្ដថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹមនេះ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹងគោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលផ្តួចផ្តើមគំនិតដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕
ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងការពារជាតិ





