អ៊ុំ រាត្រី បញ្ជាឱ្យគ្រប់ក្រុង-ស្រុក ត្រៀមកម្លាំង និងមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីជម្លៀសពលរដ្ឋពីតំបន់ប្រឈមទឹកជំនន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ – ខណៈស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណកំពុងបន្តកើនឡើង និងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវត្រៀមកងកម្លាំង និងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីចេញអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលប្រឈមនឹងការជន់លិច ទៅកាន់ទីទួលសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំទុកជាស្រេច។

បទបញ្ជានេះត្រូវបានដាក់ចេញក្នុងពេលដែលឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកដោយផ្ទាល់ នៅតាមដងស្ទឹងសិរីសោភ័ណ ក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា នៃក្រុងសិរីសោភ័ណ នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងដាក់ចេញវិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
ក្នុងបេសកកម្មនេះ ឯកឧត្តម អ៊ុំ រាត្រី មានការអមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត, លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ, លោកវរសេនីយ៍ត្រី សុខ លេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីជំនាញ និងក្រុមកម្លាំងមូលដ្ឋានពាក់ព័ន្ធ។
នៅតាមទីតាំងដែលបានចុះពិនិត្យ ឯកឧត្តមអភិបាលខេត្តបានតាមដានស្ថានភាពទឹកដែលកំពុងគំរាមកំហែងដល់លំនៅឋានប្រជាពលរដ្ឋ ពិនិត្យទីតាំងដែលបានរៀបចំជាទីទួលសុវត្ថិភាព សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋដែលអាចត្រូវបានជម្លៀស ព្រមទាំងពិនិត្យបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន។

ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកទាំងអស់ទូទាំងខេត្ត ត្រូវបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងត្រៀមកម្លាំងសម្រាប់អន្តរាគមន៍គ្រប់ពេលវេលា។ ក្នុងករណីជំនន់ទឹកភ្លៀងបន្តកើនឡើង អាជ្ញាធរត្រូវចាត់វិធានការភ្លាមៗ ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈម ទៅកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះ មន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មី ដែលស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ដោយបានពិនិត្យស្ថានភាពផ្លូវ និងបរិវេណជុំវិញមន្ទីរពេទ្យ ដែលអាចរងផលប៉ះពាល់ដោយទឹកជំនន់។
ដើម្បីទប់ស្កាត់ការជន់លិច និងធានាថា ការផ្តល់សេវាសុខាភិបាល ក៏ដូចជាការងារសង្គ្រោះបន្ទាន់ មិនត្រូវបានរំខាន ឯកឧត្តម អ៊ុំ រាត្រី បានដាក់បទបញ្ជាឱ្យនាំយករថយន្តដឹកដីចុះចាក់បំពេញជាបន្ទាន់នៅតំបន់ប្រឈម ដើម្បីលើកកម្ពស់ផ្លូវ និងការពារទីតាំងមន្ទីរពេទ្យឱ្យមានផ្លូវចេញ-ចូលប្រកបដោយសុវត្ថិភាព ក្នុងករណីស្ថានភាពទឹកបន្តកើនឡើង។

ការចុះពិនិត្យផ្ទាល់ និងការដាក់បទបញ្ជាឱ្យត្រៀមកម្លាំងជម្លៀសនេះ បង្ហាញពីការផ្តោតអាទិភាពរបស់រដ្ឋបាលខេត្តលើការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការរក្សាឱ្យដំណើរការសេវាសាធារណៈ និងសេវាសុខាភិបាលនៅតែអាចដំណើរការបាន ទោះបីស្ថានភាពទឹកជំនន់មានការប្រែប្រួលយ៉ាងណាក្តី។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានត្រៀមលក្ខណៈអន្តរាគមន៍ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយសហការរវាងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ដើម្បីត្រៀមឆ្លើយតបចំពោះស្ថានភាពគ្រោះធម្មជាតិ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់ពីទឹកជំនន់។
ក្នុងស្ថានភាពនេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាប និងតំបន់ប្រឈម ត្រូវបង្កើនការប្រុងប្រយ័ត្ន តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ហើយត្រៀមខ្លួនអនុវត្តការជម្លៀសភ្លាមៗ ប្រសិនបើមានការជូនដំណឹង ដើម្បីធានាសុវត្ថិភាពអាយុជីវិតជាចម្បង៕
ដោយ៖ ឈុន សារ៉ាត





