ឯកឧត្ដម គួច ចំរើន ដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីនៅចំណុចបឹងជើងលោង ឃុំក្រាំងយ៉ូវ
AKP កណ្ដាល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ករណីវិវាទដីធ្លីនៅចំណុចបឹងជើងលោង (បឹង ៥០០) ស្ថិតនៅភូមិអំពិល ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលក្នុងកិច្ចប្រជុំពីសំណាក់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកស្អាង មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។

ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា មុននឹងដោះស្រាយបញ្ចប់ករណីវិវាទដី ស្ថិតនៅចំណុចបឹង៥០០ ទំហំដីវិវាទ២៥ហិកតា ដែលមានអ្នកពាក់ព័ន្ធចំនួន៧ភាគី នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល តាំងពីឆ្នាំ២០២៤ គឺក្រុមការងារ និងមន្ត្រីជំនាញបានចុះពិនិត្យ៣ដង បានអញ្ជើញភាគី និងអ្នកពាក់ព័ន្ធមកបំភ្លឺ សរុប១១ដង បានចុះស្រាវជ្រាវដល់រដ្ឋបាលឃុំ២ដង ប្រជុំនៅខេត្តដោយក្រុមការងារ១ដង ប្រជុំដោយឯកឧត្តមអភិបាលខេត្ត៤ដង។ សរុបរួម២១ដង ហើយពេលប្រជុំខ្លះ មានមនុស្សដល់ជិតរយនាក់ ទើបបានសះជា នៅព្រឹកនេះ។


ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់គ្រប់ភាគីជម្លោះ ដែលយល់ព្រមស្រុះស្រួលគ្នាបញ្ចប់ជម្លោះ ព្រោះរាល់ជម្លោះទាំងអស់គឺស្មុគស្មាញណាស់សម្រាប់អាជ្ញាធរ ក៏ដូចជាម្ចាស់ជម្លោះ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





