ឯកឧត្តម អ៊ុន ចាន់ដា៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់លើបញ្ហាគ្រឿងញៀន
AKP កំពង់ចាម ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ និងមន្រ្តីនគរបាលបុស្តិ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់លើបញ្ហាគ្រឿងញៀន ពិសេសត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីទប់ស្កាត់ភាពអសន្តិសុខសង្គម និងបង្កបញ្ហាស្មុគស្មាញនៅក្នុងសហគមន៍ ពិសេសភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសហគមន៍របស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ ផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិនៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការនៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការអនុវត្តបទបញ្ជា បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដែលមានចរិកកាចសាហាវដែលតដៃជាមួយសមត្ថកិច្ច ត្រូវបង្កើនកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធ រវាងខេត្តជាប់ព្រំប្រទល់ ដើម្បីក្ដាប់ភូមិសាស្រ្តងាយស្រួលក្នុងការឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា និងតាមដានមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នងករណីជួញដូរគ្រឿងញៀនឱ្យបានជាប់ប្រចាំ។


ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្រ្តីអនុវត្តច្បាប់ ត្រូវសិក្សាស្វែងយល់ពីបទពិសោធន៍នានា និងនីតិវិធីផ្លូវច្បាប់ ដើម្បីធានាបានក្នុងការបង្រ្កាបបទល្មើស ឬមុខសញ្ញាជនល្មើសមាន ប្រសិទ្ធភាព ដែលភាគច្រើនបទល្មើសគ្រឿងញៀនជាមុខសញ្ញាធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន និងមានល្បិចកលខ្ពស់។ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុង អប់រំ ផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋ ក្នុងការចូលរួមផ្តល់ព័ត៌មានអំពីបទល្មើស ដើម្បីឈានទៅបង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន បានទាន់ពេលវេលា ពិសេសឱ្យប្រជាពលរដ្ឋចេះប្រប្រាស់ប្រព័ន្ធ App No Drug ហើយមន្រ្តីរាជការគ្រប់រូប ក៏ត្រូវតែមាន App No Drugគ្រប់ៗគ្នាផងដែរ ដើម្បី ផ្តល់ព័ត៌មានគ្រឿងញៀន និងឈានទៅការបង្ក្រាបបានជោគជ័យ៕
ដោយ ឆាយ ម៉ុត





