រដ្ឋបាលខេត្តព្រះវិហារបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៦
AKP ព្រះវិហារ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៦របស់លេខាធិការដ្ឋាន ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងក្រុមការងារគ្រប់គ្រងការស្នាក់នៅ និងផ្តល់ឯកសារ អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ក្នុងដែនសមត្ថកិច្ចខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុង ស្រុក ទាំង៨ និងកងកម្លាំងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

លោក វ៉ាត ប៉ារ៉ានីន បានលើកឡើងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្ត ដែលបានខិតខំធ្វើឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ គឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជា លក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តនាពេលកន្លងមក ពិសេសនៅពេលទាហានថៃឈ្លានពានតាមព្រំដែន។

លោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តនឹងបង្កើនការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត៕
ដោយ ទិត ស្រ៊





