ឯកឧត្ដម លី ធុជ៖ យើងរួមគ្នាដើម្បីពង្រឹងសាមគ្គីភាព ប្រសិទ្ធភាពការងារ និងបង្កើនភាពសុខដុមរមនាក្នុងស្ថាប័នអាជ្ញាធរមីន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្ដម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធាន ទី១ អាជ្ញាធរមីន បានដឹកនាំថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក អាជ្ញាធរមីន ដើររួមគ្នាក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពង្រឹងសាមគ្គីភាព ពង្រឹង ប្រសិទ្ធភាពការងារ ពង្រឹងស្មារតីការងារជាក្រុម បង្កើនភាពស្និទ្ធស្នាល និងបង្កើនភាពសុខដុមរមនាក្នុងស្ថាប័នអាជ្ញាធរមីន។

ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា ការដើររួមគ្នា មិនមែនគ្រាន់តែជាការជួបជុំ និងប្រមូលផ្ដុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាការសម្តែងនូវការប្តេជ្ញាចិត្ដរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានទៅសម្រេចគោលដៅក្នុងវិស័យសកម្មភាពមីន សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀតរហូត ដល់កម្ពុជាអាចសម្រេចគោលដៅរបស់ខ្លួន គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្រ្គាម។


ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីន ចាប់ពីឆ្នាំ២០២៦ អាជ្ញាធរមីនបានត្រៀមខ្លួន ក្នុងការដឹកនាំ ការ អនុវត្តគោលនយោបាយជាតិសកម្មភាពមីន២០២៦-២០៣៥ ដោយបានដាក់ចេញនូវគោលដៅកម្ពុជាមួយគ្មានមីន ឆ្នាំ២០៣០ និងការសម្រេចបានចក្ខុវិស័យវែងឆ្ងាយគឺ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕
ដោយ សួស សំរិត





