អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង «កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)» ដើម្បីតម្រង់ទិសការអភិវឌ្ឍខេត្តឱ្យកាន់តែមានប្រសិទ្ធភាព
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដ៏មានសារសំខាន់មួយ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅ «កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)» របស់រដ្ឋបាលខេត្តនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ (ក) សាលាខេត្ត ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអភិបាលក្រុង-ស្រុក ផងដែរ។

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្ដម អ៊ុ រាត្រី បានគូសបញ្ជាក់ថា ការរៀបចំសៀវភៅកម្មវិធីវិនិយោគនេះ មិនមែនគ្រាន់តែជាការងាររដ្ឋបាលធម្មតានោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចតាមផ្លូវច្បាប់ និងជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍខេត្ត។ យោងតាមខ្លឹមសារជាសារវ័ន្ត នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ បានតម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំសម្រាប់អនុវត្តនៅក្នុងអាណត្តិរបស់ខ្លួន។ ក្រុមលេខាធិការដ្ឋានជំនួយការបច្ចេកទេសនៃក្រុមការងារកសាងផែនការខេត្ត បានខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងនេះឡើង ដោយឆ្លងកាត់ការអនុវត្តតាម៣ជំហាន និងស្របតាមសេចក្តីណែនាំបច្ចេកទេស។ ឯកសារនេះមាន ៣ជំពូក និងគ្របដណ្តប់លើចំណុចសំខាន់ៗដូចជា ស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ចការវិភាគលើស្ថានភាពបច្ចុប្បន្នរបស់ខេត្ត។គម្រោងកម្មវិធីវិនិយោគ បញ្ជីគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦ ដល់២០២៨។ ការតាមដាន និងវាយតម្លៃ តារាងសម្រាប់ត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តគម្រោង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសដែលបានខិតខំប្រឹងប្រែងរៀបចំឯកសារនេះ រហូតសម្រេចបានជាលទ្ធផលដាក់ជូនអង្គប្រជុំនាពេលនេះ។ ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យឯកសារនេះមានភាពល្អឥតខ្ចោះ ឯកឧត្តមបានដាក់បទបញ្ជា និងសំណូមពរដល់អង្គប្រជុំទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរកមើលចំណុចខ្វះចន្លោះដែលត្រូវបំពេញ ផ្តល់ព័ត៌មាន ឬទិន្នន័យពីមន្ទីរជំនាញ ដើម្បីឱ្យខ្លឹមសារកាន់តែច្បាស់លាស់ ធ្វើឱ្យសេចក្តីព្រាងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបាន។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំពិនិត្យ និងកែសម្រួលនៅថ្នាក់បច្ចេកទេសនេះរួចរាល់ សេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) នឹងត្រូវដាក់ជូនក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិនិត្យ និងអនុម័តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ឈុន សារ៉ាត





