ប្រជាពលរដ្ឋអស់បញ្ហានៅមូលដ្ឋានខ្លូន ដោយសារអាជ្ញាធរបានបំពេញតាមបំណងហើយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋម្នាក់បានលើកឡើងដើម្បីបង្ហាញពីបំណងរបស់ខ្លួន តែមិនបានលើកឡើងជាសំណើ ឬសំណូមពរអ្វីនោះទេ ពោលគឺអាជ្ញាធរបានបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋហើយ ហើយប្រជាពលរដ្ឋម្នាក់បានកោតសរសើរចំពោះអាជ្ញាធរដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី៤ ខណ្ឌមករា។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិក ខណ្ឌ៧មករា។

លោកជំទាវ តិមា វិច្ឆិកាល បានលើកឡើងថា វេទិកាសាធារណៈនៅក្នុងខណ្ឌ៧មករានេះ មានតែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឫស្សីទី៤ម្នាក់ដែលបានឡើងថ្លែង ហើយការថ្លែងនោះ មិនមែនជាសំណើ ឬសំណូមពរនោះទេ គឺឡើងថ្លែងកោតសរសើរចំពោះអាជ្ញាធរ ដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី៤ ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ។ ការមិនលើកឡើងជាសំណើ និងសំណូមពរនេះ មានន័យថា អាជ្ញាធរបានបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អហើយ មិនមានបញ្ហាប្រឈមនោះទេ។ ក្រៅពីការលើកឡើងដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ខាងលើ វេទិកានេះក៏មានសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់ផងដែរ។ រាល់សំណើជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានីនឹងធ្វើការដោះស្រាយជូននៅពេលក្រោយ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព) ការអភិវឌ្ឍមូលដ្ឋាន សុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើនធ្វើឱ្យអាជ្ញាធរក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែមានការអភិវឌ្ឍរីកចម្រើន៕
ដោយ សួស សំរិត





