ឯកឧត្តម ឌិត ទីណា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តដល់ភាគីអ៊ីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៊ីស្រាអែលប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។


ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអ៊ីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មនៅពេលអនាគត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងបានផ្ដាំផ្ញើភាគីអ៊ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៊ីស្រាអែលោងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





