វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានភូមិ សង្កាត់ ក្រុង ស្រុក ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីក្នុងវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពីការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ក្រុង ស្រុក ឆ្នាំ២០២៥។

លោក ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនការយល់ដឹង និងលើកកម្ពស់គុណសមត្ថភាព ដល់គ្រូបង្គោលដើម្បីមានលទ្ធភាពក្នុងការបណ្តុះបណ្តាលបន្តដល់មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងលោក លោកស្រីជាមេភូមិ ក្នុងការប្រមូលទិន្នន័យ ឆ្នាំ២០២៥ ឱ្យកាន់តែមានភាពច្បាស់លាល់។ បន្តិចទៀតនេះ គ្រូបង្គោលនៃមន្ទីរផែនការខេត្តនឹងធ្វើការពន្យល់លម្អិតអំពីស្ថិតិទាំងឡាយ ដែលត្រូវស្រង់ជារៀងរាល់ឆ្នាំដែលកម្រងសំណួរនៅថ្នាក់ភូមិមានចំនួន ២២៧សូចនាករ ថ្នាក់ឃុំ សង្កាត់ មានចំនួន ១២៣សូចនាករ និងថ្នាក់ ក្រុង ស្រុកមានចំនួន ៤៦សូចនាករ សម្រាប់ប្រើប្រាស់ក្នុងការ រៀបចំឯកសារស្តីពី ព័ត៌មានស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច និង ឯកសារពិន្ទុតាមវិស័យ ឃុំនិងសង្កាត់។ តួលេខស្ថិតិទិន្នន័យទាំងនេះត្រូវបានស្រង់ដោយមេភូមិ អនុប្រធានភូមិ សមាជិកភូមិ សមាជិក គ.ផ.ថ, សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់, ជនបង្គោលកិច្ចការនារី ឃុំ សង្កាត់។


ក្នុងវគ្គបណ្តុះបណ្តាលនេះ លោកអភិបាលរងខេត្តបានណែនាំថា អភិបាលក្រុងស្រុក ទាំង១៣ ត្រូវជួយសម្របសម្រួលក្នុងដំណើរការ រៀបចំបើកវគ្គប្រមូល ទិន្នន័យភូមិ ឃុំសង្កាត់ ក្រុង ស្រុក ត្រូវជំរុញដល់មេឃុំ ចៅសង្កាត់ និងមេភូមិក្នុងការប្រមូលទិន្នន័យ ព្រមទាំងធ្វើការពិនិត្យផ្ទៀងផ្ទាត់នៅថ្នាក់ឃុំសង្កាត់។ ស្មៀនឃុំ សង្កាត់ ត្រូវត្រួតពិនិត្យសៀវភៅទិន្នន័យភូមិ ឃុំ សង្កាត់រួចបញ្ជូនមក មន្ទីរផែនការខេត្ត កណ្តាលឱ្យបានមុនថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥។ មន្ទីរផែនការខេត្តកណ្តាលត្រូវយកចិត្តទុកដាក់ពិនិត្យទៅលើគុណភាពទិន្នន័យភូមិ ឃុំ សង្កាត់ ឱ្យបានច្បាស់លាស់ មុននិងផលិតជាឯកសារដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





