ក្រសួងអប់រំចេញសេចក្តីណែនាំអំពីដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយអំពីដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដោយបានអះអាងអំពីការកំពុងអនុវត្តកំណែទម្រង់ការគ្រប់គ្រងសាលារៀនយ៉ាងសកម្មតាមរយៈ ការលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន ក្នុងការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នក ដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំនៅកម្រិតសាលារៀន។

យោងតាមសេចក្តីណែនាំនេះដែរក្រសួងអប់រំបានបញ្ជាក់ថាការរៀបចំឱ្យមានដំណើរការបង្រៀន និងរៀនពេញមួយ ថ្ងៃ ជាការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន និងការបង្ហាញពីលទ្ធផលសិក្សារបស់សិស្សមានការរីកចម្រើនជាប្រចាំ ជាក់ស្តែង និងជឿទុកចិត្តបាន។ ដូចនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដែលមានធនធានគ្រប់គ្រាន់អាចដំណើរការកម្មវិធីបង្រៀន និងរៀនពេញ មួយថ្ងៃ។

ក្នុងសេចក្តីណែនាំនេះដែរក្រសួងអប់រំបានបញ្ជាក់អំពីការគ្រប់គ្រង និងការទ្រទ្រង់ដំណើរការ។ជាមួយគ្នានេះបានណែនាំឱ្យ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្របសម្រួលការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងគ្រូបង្រៀនព្រមទាំងកៀរគរធនធាននានាក្នុងកិច្ចដំណើរការសាលារៀនឱ្យមានប្រសិទ្ធភាព។

ក្រសួងអប់រំបានឱ្យមានការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ សម្រាប់គ្រប់គ្រងដំណើរការ នៃការអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ។តាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីសិក្សា និងកាលវិភាគប្រចាំសប្តាហ៍របស់គ្រឹះស្ថានមធ្យម សិក្សាចំណេះទូទៅ។


ចំពោះពេលវេលារៀន និងបង្រៀនក្រសួងអប៉រំបានបញ្ជាក់ថាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវកំណត់ម៉ោងសិក្សាដោយពេលព្រឹកចូលម៉ោង៧៖០០ ចេញម៉ោង ១១៖០០ និងរសៀលចូលម៉ោង ១៣៖០០ ឬម៉ោង១៤៖០០ ចេញម៉ោង ១៦៖០០ ឬម៉ោង ១៧៖០០។ ជាមួយគ្នានេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវរៀបចំកាលវិភាគបង្រៀនឱ្យបានយ៉ាងតិច ៤០ម៉ោងសិក្សាក្នុង មួយសប្តាហ៍ដែល ១ម៉ោងសិក្សាមានរយៈពេល៥០នាទី និងលម្អិតទៅតាមកម្រិតថ្នាក់ និងមុខវិជ្ជា៕
ដោយ៖ មករា





