អនុប្រធានាធិបតីគុយបាទៅដល់ទីកន្លែងនៃកិច្ចប្រជុំកំពូល CELAC-EU លើកទី៤
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីគុយបា លោក សាល់វ៉ាដូរ វ៉ាល់ដេស (Salvador Valdes) បានទៅដល់មជ្ឈមណ្ឌលសន្និសីទ Santamar ក្នុងប្រទេសកូឡុំប៊ី ជាកន្លែងនៃកិច្ចប្រជុំកំពូលលើកទី៤ រវាងសហគមន៍រដ្ឋអាមេរិកឡាទីន និងការាបៀន និងសហភាពអឺរ៉ុប (CELAC-EU) ដែលត្រូវបានធ្វើពិធីបើកកាលពីថ្ងៃអាទិត្យម្សិលមិញ។
ក្រសួងការបរទេសគុយបាធ្លាប់បានបញ្ជាក់រួចហើយថា គណៈប្រតិភូដែលដឹកនាំដោយលោកអនុប្រធានាធិបតីគុយបានឹងនាំមកនូវស្មារតីស្ថាបនា និងឆន្ទៈក្នុងការចូលរួមចំណែកដល់យន្តការទ្វេភាគី ដោយឈរលើសមភាព និងការគោរពគ្នាទៅវិញទៅមក កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ។
លោក វ៉ាល់ដេស ក៏នឹងថ្កោលទោសចំពោះការរឹតបន្តឹងការបិទផ្លូវសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលដាក់ចេញដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោក ក៏ដូចជាការដាក់បញ្ចូលវាទៅក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម (SSOT) របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។
ក្រសួងការបរទេសកូឡុំប៊ី ដែលជាប្រទេសកាន់តំណែងជាប្រធានបណ្ដោះអាសន្ននៃក្រុមប្រទេស CELAC បានកត់សម្គាល់ថា គោលបំណងជាមូលដ្ឋាន គឺដើម្បីជំរុញការអភិវឌ្ឍរបៀបវារៈសហប្រតិបត្តិការរវាងប្លុកទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃពហុភាគីនិយម។ យោងតាមកម្មវិធីផ្លូវការ កិច្ចប្រជុំកំពូលដែលមានការចូលរួមពីគណៈប្រតិភូមកពី ៦២រដ្ឋនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





