ឥណ្ឌូណេស៊ីនឹងបញ្ចប់ការនាំចូលប្រេងម៉ាស៊ូតនៅត្រឹមឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក បាហ៊ីល ឡាហាដាលីយ៉ា (Bahlil Lahadalia) រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ របស់ប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍ទៅកាន់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ថា ប្រទេសឥណ្ឌូណេស៊ីកំពុងស្ថិតនៅលើផ្លូវមួយដើម្បីបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតនៅត្រឹមដើមឆ្នាំ២០២៦ ដែលវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឯករាជ្យភាពថាមពលជាតិ។
ការអនុវត្តនេះនឹងអាចធ្វើទៅបានដោយប្រតិបត្តិការនៃគម្រោងផែនការមេអភិវឌ្ឍន៍រោងចក្រចម្រាញ់ប្រេង (RDMP) នៅតំបន់បាលីកប៉ាប៉ាន់ក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត ដែលគ្រោងនឹងសម្ពោធនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
លោក ឡាហាដាលីយ៉ា បានសង្កត់ធ្ងន់ថា រោងចក្រចម្រាញ់ប្រេងនេះនឹងជំរុញការផលិតប្រេងម៉ាស៊ូតក្នុងស្រុកយ៉ាងច្រើន ដែលអាចឱ្យប្រទេសនេះបំពេញតម្រូវការប្រេងឥន្ធនៈផ្ទាល់ខ្លួនដោយមិនពឹងផ្អែកលើការនាំចូល។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលកំពុងជំរុញយុទ្ធសាស្ត្រប្រេងឥន្ធនៈជីវម៉ាស់របស់ខ្លួនតាមរយៈកម្មវិធីប្រេងម៉ាស៊ូតជីវម៉ាស់ B50 ដែលលាយប្រេងម៉ាស៊ូតជាមួយប្រេងបន្លែ ៥០%។
កម្មវិធី B50 ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំ២០២៦។ លោកប្រធានាធិបតី ប្រាបូវ៉ូ បានណែនាំអំពីការបង្កើនល្បឿននៃការផ្លាស់ប្តូរពី B40 ទៅ B50 បើទោះបីជាការសាកល្បងជាកាតព្វកិច្ចសម្រាប់ B50 នៅតែដំណើរការក៏ដោយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





