គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA នឹងរៀបចំកម្មវិធី ពិនិត្យ ឆែករកជំងឺមហារីកសុដន់បឋម ដោយឥតគិតថ្លៃ នៅថ្ងៃស្អែកនេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត អេ អាយ អេ(AIA) នឹងរៀបចំនូវកម្មវិធីពិនិត្យ និងពិគ្រោះរកជំងឺមហារីកសុដន់នៅដំណាក់កាលបឋម ដោយឥតគិតថ្លៃ ជូនដល់ បុគ្គលិកស្តី្រ អតិថិជន និងស្រ្តីជាសាធារណជនគ្រប់រូប។

កម្មវិធីពិនិត្យរកមហារីកនេះ នឹងប្រព្រឹត្តទៅនៅថ្ងែទី១០ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖០០នាទីព្រឹកដល់ម៉ោង ៤រសៀល នៅឯការិយាល័យកណ្តាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។
ជាមួយនឹងការឆែកមហារីកសុដន់ដោយបឋមនេះ នឹងធ្វើឡើងដោយអ្នកគ្រូពេទ្យនារី ដែលជាកត្តាបង្កើនភាពងាយស្រួលកាន់តែប្រសើរសម្រាប់មិត្តនារី ដោយពុំបាច់មានការខ្មាស់អៀន ឬបារម្ភនានា ហើយការពិនិត្យនឹងប្រព្រឹត្តទៅដោយរក្សាឯកជនភាពជូនអ្នកមកពិនិត្យគ្រប់រូប។

ទាក់ទងនឹងការចូលរួមពិនិត្យ និងពិគ្រោះរកជំងឺមហារីកសុដន់នេះដែរ អ្នកស្រី ឡុង ស្រីណែត ជាអ្នកជំងឺមហារីកសុដន់ដែលបានទទួលការព្យាបាល និងជាអ្នកបង្កើតមាតិកាណែនាំពីមហារីកសុដន់បាននិយាយលើកទឹកចិត្តដល់មិត្តស្រី្តគ្រប់គ្នា គួរកុំខកខាន ទៅពិនិត្យសុដន់នៅក្នុងកម្មវិធីនេះ ដើម្បីស្វែងរក និងបង្ការពីជំងឺដល់កាចសាហាវមួយនេះ។
សម្រាប់ប្រទេសកម្ពុជា ជំងឺមហារីកសុដន់ គឺជាជំងឺដែលកាចសាហាវមួយ កើតមានច្រើនលើស្រ្តីកម្ពុជាផងដែរ។ កំណត់ត្រាពីក្រសួងសុខាភិបាលនៅឆ្នំា២០២៤ បានបង្ហាញថា ជំងឺមហារីកសុដន់និងមហារីកស្បូន មានចំនួន ៣២ភាគរយ នៃអ្នកជំងឺមហារីកសរុប។
យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញជាផ្លូវការ បានឱ្យដឹងថា ផែនការនេះគឺដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺមហារីកនៅកម្ពុជា ក្នុងនោះក៏មានជំងឺមហារីកសុដន់ផងដែរ។ នៅក្នុង ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះដែរ ក៏បានគូសបង្ហាញយ៉ាងច្បាស់នូវតម្រូវការដែលទាមទារឱ្យមានជាចាំបាច់ ដូចជា ការពង្រឹងលើការបង្ការ ការសម្របសម្រួលនៃការបម្រើសេវាថែទាំ ការបណ្ដុះបណ្ដាលនិងបង្កើនឯកទេស កិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុ និងការចូលរួមពហុវិស័យ អន្តរស្ថាប័ន ដើម្បីបង្កាមុនរហានិភ័យជំងឺ។

ជាលទ្ធផលរំពឹងទុកនៅក្នុងផែនការនេះ អាចរួមចំណែកដល់ការសម្រេចបានគោលដៅយុទ្ធសាស្រ្តមួយចំនួនដូចជា លើកកម្ពស់ការបង្ការជំងឺមហារីក ពិនិត្យនិងព្យាបាលទាន់ពេល ធានានិរន្តរភាព និងសមធ៌មក្នុងការទទួលបានការព្យាបាល ពង្រឹងប្រព័ន្ធព័ត៌មានតាមដានជំងឺមហារីក និងចុងក្រោយពង្រឹងអភិបាលកិច្ចក្និងការប្រយុទ្ធនឹងជំងឺមហារីក។
សូមបញ្ជាក់ផងដែរថា សម្រាប់ខែតុលានេះ ជាខែមួយដែលរម្លឹកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់នៅទូទាំងពិភពលោក៕
ដោយ៖ ឡាច សុជាតា





