ខេត្តកំពង់ចាមថ្កោលទោសយ៉ាងដាច់អហង្កការចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាព មិនគួរគប្បីជាសាធារណៈ
AKP កំពង់ចាម ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការ ចំពោះសកម្មភាព អសីលធម៌របស់ជនជាតិថៃមួយចំនួនដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាព មិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់ តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។

នេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ ទង្វើបែបនេះបានធ្វើឱ្យប៉ះពាល់ នៅកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្ត អំពើប្រមាថបែបនេះដោយសេរីនៅក្នុងប្រទេសថៃ ប៉ុន្តែថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវ សីលធម៌ សេចក្តីថ្លៃថ្នូរ ការស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬ ប្រទេសណាមួយជាសត្រូវឡើយ៕
ដោយ ឆាយ ម៉ុត





