ពិធីរាប់បាត្រព្រះសង្ឃ៤០០អង្គនៅវត្តព្រៃចាន់ ឧទ្ទិសកុសលជូនវីរកងទ័ពពលីជីវិត
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ប្រជាពុទ្ធបរិស័ទខ្មែរជាច្រើនកុះករ បានរួមគ្នាប្រារព្ធពិធីរាប់បាត្រព្រះសង្ឃប្រមាណ ៤០០អង្គនៅវត្តសុវណ្ណសិក្ខារាម ហៅវត្តព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ជាប់របងព្រំដែននាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ។ ពិធីបុណ្យដ៏មានសារៈសំខាន់ជាតិ និងសាសនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាបុព្វការីជនដែលបានចែកឋានទៅហើយ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ព្រះសមណញាណ ណាប់ ម៉ឺន ព្រះឡាត់គណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាបញ្ជាក់អំពីកតញ្ញូតាធម៌ដ៏ឧត្តុង្គឧត្តម ដោយលើកសរសើរ និងរំលឹកនូវ គុណូបការៈដ៏ធំធេងរបស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការការពារអធិបតេយ្យភាពជាតិ។ ព្រះអង្គក៏បានដឹកនាំពុទ្ធបរិស័ទទាំងអស់ធ្វើការ ឧទ្ទិសកុសល អនុមោទនាបុណ្យ និងផ្សងសេចក្តីល្អ ដែលកើតពីការរាប់បាត្រនេះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកពលី ក៏ដូចជាបុព្វការីជនទាំងអស់ឲ្យបានទៅកាន់សុគតិភព។ លើសពីនេះ តាមរយៈ ពុទ្ធានុសតិ និងការបួងសួង ព្រះអង្គបានក្រើនរំលឹកដល់ពុទ្ធបរិស័ទឱ្យតាំងចិត្តក្នុងសីលធម៌ និងរួមគ្នា បួងសួងសុំសេចក្តីសុខ សន្តិភាព វិបុលភាព ជូនចំពោះព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ភាគច្រើនបានបង្ហាញពីសេចក្តីជ្រះថ្លា ការត្រេកអរ និងមោទកភាព ក្នុងការបានចូលរួមធ្វើបុណ្យដាក់ទាន និងគោរពបូជាព្រះសង្ឃជាចំនួនច្រើន ដើម្បីឧទ្ទិសដល់អ្នកមានគុណ។ ពួកគេក៏បានសម្តែងការ គោរពដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់ទាហានដែលបានលះបង់ជីវិតនៅជិតតំបន់ព្រំដែននេះ។ អ្នកចូលរួមទាំងអស់សុទ្ធតែមានជំនឿជាក់ថា កុសលផលបុណ្យដែលបានធ្វើរួមគ្នានេះ នឹងជួយឱ្យជាតិមាន សេចក្តីសុខ សន្តិភាព និងចៀសផុតពីឧបទ្រពចង្រៃ។

សូមបញ្ជាក់ថា ពិធីរាប់បាត្រនេះមិនត្រឹមតែជាពិធីសាសនាដ៏សំខាន់មួយប៉ុណ្ណោះទេ តែជាពិធី ប្រវត្តិសាស្ត្រ ដែលបានបង្ហាញយ៉ាងច្បាស់អំពី ស្មារតីរួបរួមសាមគ្គី ទាំងផ្លូវលោកនិងផ្លូវធម៌របស់ប្រជាជាតិខ្មែរ ក្នុងការដឹងគុណចំពោះវីរភាពរបស់កូនចៅខ្មែរដែលបានបូជាជីវិតដើម្បីមាតុភូមិ៕
ដោយ ឈុន សារ៉ាត





