ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំសហការីនៃកងកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ ប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយបានធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទោះបីកងកម្លាំងចម្រុះធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ តែជនខិលខូចមួយចំនួននៅតែបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ដល់ធនធានមច្ឆជាតិ និងសង្គមជាតិទាំងមូលឡើយ។ ជាក់ស្ដែងនៅក្នុងរដូវបិទនេសាទរយៈពេលបួនខែកន្លងទៅនេះ កងកម្លាំងចម្រុះបង្ក្រាបរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកដែលជាឧបករណ៍នេសាទល្មើសច្បាប់បានប្រមាណជាង២០០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងបឹងទន្លេសាបនាពេលកន្លងទៅ ក៏ដូចជាការបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទនាពេលថ្មីៗនេះ បានធ្វើឱ្យបច្ចុប្បន្ន ផលត្រីបានសម្បូរឡើងវិញជាបណ្ដើរៗហើយ។ រីឯប្រជាពលរដ្ឋដែលនេសាទត្រីជាលក្ខណៈគ្រួសារ បានថ្លែងនូវការអបអរសាទរ ចំពោះកម្លាំងចម្រុះ ដែលមានកងទ័ពជាស្នូលក្នុងការបង្ក្រាបទល្មើសនេសាទខុសច្បាប់ ទើបធ្វើឲ្យផលត្រីនៅឆ្នាំនេះសំបូរជាងបណ្ដាឆ្នាំកន្លងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តដាច់ខាតបន្តគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោពលខេមរភូមិន្ទ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យទទួលបានជោគជ័យដើម្បីជាផលប្រយោជន៍របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





