ឯកឧត្តម អ៊ំ អួក៖ អាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ត្រៀមលក្ខណៈជួយជម្លៀសបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រសិនមានគ្រោះទឹកជំនន់កើតឡើង
AKP តាកែវ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ំ អួក សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានមានប្រសាសន៍ថា ស្ថានភាពទឹកទន្លេមេគង្គបច្ចុប្បន្ននេះមានកម្ពស់ខ្ពស់ដែលនាំឱ្យខេត្តមួយចំនួនមានការជន់លិច។ ដោយឡែកខេត្តតាកែវយើងជាប់នឹងទន្លេបាសាក់ មានផ្ទៃបឹងនៅតាមបណ្ដាស្រុកមួយចំនួន ពេលទឹកទន្លេឡើងខ្ពស់ អាចជន់លិចលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះសូមអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ត្រៀមលក្ខណៈ ជួយជម្លៀសបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រសិនមានគ្រោះទឹកជំនន់កើតឡើង។

ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តតាកែវ ជាមួយរដ្ឋបាលខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំងឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោកលោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកលោកស្រីអភិបាលអភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ំ អួក បានមានប្រសាសន៍បន្តថា កន្លងមកអាជ្ញាធរខេត្តពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ តែងតែបានចុះជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។សកម្មភាពនេះបានបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ។ដូច្នេះសូមអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បន្តតាមដាននិងជួយបងប្អូនប្រជាពលរដ្ឋបន្តទៀត ប្រសិនបើនៅពេលខាងមុខមានគ្រោះទឹកជំនន់កើតឡើង។

ឆ្លើយតបនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តជាពិសេសឯកឧត្តមអភិបាលខេត្តតាកែវ តែងតែចុះជាប់ជាប្រចាំ ក្នុងការផ្ដល់អំណោយដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះ។ហើយរដ្ឋបាលខេត្តតែងតែណែនាំ ដល់មន្ទីរធនធានទឹកនិងឧតុនិយម និងអាជ្ញាធរក្រុង-ស្រុក ឲ្យធ្វើការតាមដានស្ថានភាពទឹក។ហើយបើស្ថានភាពទឹកឡើងខ្ពស់ យើងត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព។

លោក ស៊ុត ខុន បានមានប្រសាសន៍បន្ថែមថា និយាយជារួមបញ្ហាទឹកជំនន់នេះ អាជ្ញាធរខេត្តតាកែវបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ទាំងសម្ភារជួយសង្គ្រោះ ថ្នាំពេទ្យ និងទីទួលសុវត្ថិភាព។ ហើយកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏បានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយផងដែរសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់៕
ដោយ អ៊ុច សៀង





