កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី១៧របស់ក្រុមប្រឹក្សាខេត្ត និងលើកទិសដៅការងារនៅខែបន្ទាប់។

ឯកឧត្តម យឹម សុខុម បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងបានថ្លែងជំរុញឱ្យគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ជាប់ជាប្រចាំ ព្រមទាំងបន្តខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានា ចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានណែនាំដល់ រដ្ឋបាលឯកភាពខេត្ត ឱ្យបន្តប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់មួយចំនួនរួមមាន ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផល ល្អដើម្បី បង្កលក្ខណៈអំណោយផល នៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខដុម ជាមួយនឹងជីវភាពសមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។ ជាមួយគ្នានេះ សូមគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តវិធានការ ទប់ស្កាត់ បង្ការ និងបង្ក្រាបករណីលួច ឆក់ ប្លន់ និងករណីក្មេងទំនើងឱ្យជាប់ជាប្រចាំ។

ជាមួយគ្នានេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករដែលបានវិលត្រឡប់ មកពីប្រទេសថៃ។ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវបន្តជួយស្វែងរកការងារជូនពួកគាត់។ លើសពីនេះយើងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនចៅរបស់ពួកគាត់ ដោយជំរុញឱ្យពួកគាត់ចូលរៀន សម្រាប់អ្នកគ្រប់អាយុចូលរៀន និងជួយឱ្យពួកគាត់បានចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះអ្នកដែលលើសអាយុមិនអាចចូលរៀនបាន។ ជាមួយគ្នានេះអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជួយសម្របសម្រួល និងរៀបចំសៀវភៅស្នាក់នៅសៀវភៅគ្រួសារ និងឯកសារអត្រានុកូលដ្ឋានជូនពួកគាត់ផងដែរ៕

ដោយ លឹម សាន្ត





