សេចក្តីបំភ្លឺរបស់អភិបាលខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តទាំងពីរគ្មានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់ខណ្ឌសីមា
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតបំភ្លឺជាថ្មីទៅកាន់អភិបាលខេត្តស្រះកែវ ប្រទេសថៃ ដោយបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្តទាំងពីរគឺមិនមានសមត្ថកិច្ចកំណត់ព្រំដែន នៅក្នុងតំបន់ដែលមិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នៅឡើយនោះទេ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តស្រះកែវ បានតវ៉ាចំពោះសកម្មភាពសាងសង់ជម្រកបណ្តោះអាសន្ន និងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋខ្មែរនៅចំណុចជម្លោះ។

នៅក្នុងលិខិតចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងលិខិតតវ៉ារបស់សាលាខេត្តស្រះកែវ លេខ.សក ០០១៨.២/២០៨ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ទីតាំងដែលត្រូវបានតវ៉ា គឺស្ថិតនៅក្នុង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ចំណុច TA ៥២១២៣០)។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាននៃអនុស្សារណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ស្តីពីការកំណត់ព្រំដែនគោក។
គោលបំណងនៃជម្រកបណ្តោះអាសន្ន និងការប្រមូលផ្តុំ ចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងតំបន់នេះ ក្នុងពេលដែលមានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយ ការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។
ជាមួយគ្នានេះ សកម្មភាពនៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់ខាងលើ ក៏ត្រូវបានបញ្ជាក់ថា គឺធ្វើឡើងក្នុងគោលបំណង ការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមថា ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន គឺជាអ្នកដែល រងផលប៉ះពាល់ដោយផ្ទាល់ ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និងដាក់កង់ឡាន ដែលនាំឱ្យពួកគេបាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងភៀសខ្លួនមកស្នាក់នៅទីតាំងនេះ។ បញ្ហានេះបង្ហាញពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលតម្រូវឱ្យមានការគោរពតាមកិច្ចព្រមព្រៀង។
ឯកឧត្តម អ៊ុំ រាត្រី បានអះអាងជាថ្មីថា "រដ្ឋបាលខេត្តយើងទាំងពីរមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ"។ យោងតាម MOU ឆ្នាំ២០០០ និង កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាព រក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
ក្នុងន័យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមអំពាវនាវដល់អភិបាលខេត្តស្រះកែវ មេត្តា អត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ ដើម្បីបន្ធូរបន្ថយភាពតានតឹង ខេត្តទាំងពីរត្រូវបន្តសម្របសម្រួលគ្នាដោយជិតស្និទ្ធ ដើម្បី គ្រប់គ្រងស្ថានការណ៍ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក៏បានស្នើសុំឱ្យអភិបាលខេត្តស្រះកែវចូលរួមសហការក្នុង ស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីចៀសវាងការបង្កើតភាពតានតឹង និងផលប៉ះពាល់អវិជ្ជមានដល់ភាគីទាំងពីរ៕


ដោយ ឈុន សារ៉ាត





