សហគមន៍កសិកម្មទំនើបចំនួន៦ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចុះហត្ថលេខាទិញស្រូវស្រង៉ែ ជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ថា សហគមន៍កសិកម្មទំនើបចំនួន៦ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប ដើម្បីលក់ស្រូវស្រង៉ែស្រាលរបស់សហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា សហគមន៍ទាំង៦ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានសមាជិកសរុប ១២០០គ្រួសារ ក្នុងនោះទំហំផ្ទៃដីប្រមាណ ៦ ០០០ ហិកតា ដែលរំពឹងថាអាចនឹងទទួលបានទិន្នផលប្រមាណ ៣០ ០០០ តោនក្នុងមួយឆ្នាំ។

សកម្មភាពចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវស្រង៉ែស្រាល រវាងសហគមន៍កសិកម្មទំនើបចំនួន៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាមួយនឹងក្រុមហ៊ុន វីរៈ ប៊ុនថាំ ធ្វើឡើងកាលពីពេលថ្មីៗនេះ៕

ដោយ ណយ នឿន





