សិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត AI
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅសណ្ឋាគារសាន់អេនម៉ូន រីវើសាយ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ស្ថាប័ន ក្រសួង ក្រុមហ៊ុនឯកជន ក្រុមការងារសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ព្រមទាំងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ពង្រឹងសមត្ថភាព និងចំណេះដឹងដល់មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តការងារ និងការផ្តល់សេវាសាធារណៈ ទី២. គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រការធ្វើបរិវត្តកម្មឌីជីថលរបស់វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងប្រព័ន្ធអេកូឡូស៊ី និងទី៣. បំពេញគម្លាតស្តង់ដាររវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

សូមជម្រាបជូនថា ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាសាលាបានបែងចែកជា៣ថ្ងៃគឺ ថ្ងៃទី១ផ្តោតលើការណែនាំអំពី ITU និង ITU-T កម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងដំណើរការស្តង់ដារ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន និងការត្រៀមខ្លួនសម្រាប់សកម្មភាពក្រុម។ ថ្ងៃទី២ នឹងគ្របដណ្តប់អំពីស្តង់ដារ និងការអនុវត្តជាក់ស្តែងនៃ AI តាមរយៈ Role-play exercise ការសិក្សាឧទាហរណ៍គំរូពីប្រទេសក្នុងតំបន់ និងវគ្គ Innovation Café ដើម្បីបណ្តុះគំនិតដំណោះស្រាយក្នុងការធ្វើបរិវត្តកម្មឌីជីថល និងថ្ងៃទី៣នឹងមានការធ្វើបទបង្ហាញអំពីនវានុវត្តន៍ និងការវាយតម្លៃចំណេះដឹងលើប្រធានបទដែលបានលើកឡើងក្នុងកម្មវិធីទាំង៣ថ្ងៃ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





