សាកលវិទ្យាល័យជាតិមានជ័យ និង KOICA សម្ពោធបន្ទប់សិក្សាពិសោធន៍កុំព្យូទ័រថ្មី សម្រាប់ពង្រឹងសមត្ថភាព ICT
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- សាកលវិទ្យាល័យជាតិមានជ័យសហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សិក្សាពិសោធន៍កុំព្យូទ័រ (Computer Lab) ថ្មី ក្រោមគម្រោង "ការកែលម្អការអប់រំ និងការពង្រឹងសមត្ថភាពការគ្រប់គ្រង ICT" កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ។

ពិធីដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និង លោក Shin Yong-Hwa នាយករងអង្គការ KOICA ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីអ្នកសម្របសម្រួល មន្ត្រីអង្គការ KOICA សាកលវិទ្យាធិការរង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង ប្រធានការិយាល័យ សាស្រ្តាចារ្យ/លោកគ្រូអ្នកគ្រូ នៃមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ព្រមទាំងនិស្សិតជំនាន់ទី២ និងទី៤ សរុបប្រមាណ ៦៣នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ KOICA ដែលបានផ្តល់ជំនួយឧបត្ថម្ភយ៉ាងថ្លៃថ្លានេះ និងបានគូសបញ្ជាក់ថា "បន្ទប់សិក្សាពិសោធន៍កុំព្យូទ័រថ្មីនេះ គឺជាសមិទ្ធផលដ៏មានតម្លៃដែលឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នៃការអប់រំនៅយុគសម័យឌីជីថល។ ឯកឧត្តមសង្កត់ធ្ងន់ថា វាមិនត្រឹមតែជាកន្លែងសម្រាប់បណ្តុះបណ្តាលជំនាញ ICT ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាប់បង្កើតនូវគំនិតច្នៃប្រឌិត និងការស្រាវជ្រាវថ្មីៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅក្នុងតំបន់ និងប្រទេសជាតិ"។

ជាការឆ្លើយតប លោក Shin Yong-Hwa នាយករងអង្គការ KOICA ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការសម្រេចបាននូវគម្រោងនេះ។ លោកបានថ្លែងក្នុងន័យលើកទឹកចិត្តថា "គម្រោងកែលម្អនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ KOICA ក្នុងការគាំទ្រវិស័យអប់រំ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) នៅកម្ពុជា។ យើងជឿជាក់ថា តាមរយៈការផ្តល់នូវឧបករណ៍ និងបរិក្ខារទំនើបៗទាំងនេះ និស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ នឹងទទួលបានឱកាសកាន់តែប្រសើរក្នុងការសិក្សា និងអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញ ICT ដ៏ពូកែ ដែលអាចចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមឌីជីថលរបស់កម្ពុជា"។

សូមបញ្ជាក់ថា បន្ទប់សិក្សាពិសោធន៍កុំព្យូទ័រដែលបានសម្ពោធនេះត្រូវបានបំពាក់ដោយឧបករណ៍កុំព្យូទ័រ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលនឹងជួយសម្រួលដល់ដំណើរការបង្រៀន និងការរៀនរបស់លោកគ្រូអ្នកគ្រូ និងនិស្សិត ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងប្រើប្រាស់សម្ភារទាំងនេះឱ្យអស់ពីលទ្ធភាព ដើម្បីធានាថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់និស្សិតជំនាន់ក្រោយៗទៀត៕
ដោយ ឈុន សារ៉ាត





