នគរបាលខេត្តបន្ទាយមានជ័យដឹកជញ្ជូនពលរដ្ឋខ្មែរ២៧នាក់ត្រឡប់ពីថៃទៅដល់លំនៅឋានដោយសុវត្ថិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥--កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងការជួយសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរសរុប ២៧នាក់ (ស្រី ១០នាក់) ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ទៅកាន់លំនៅឋានរបស់ពួកគាត់តាមបណ្ដាខេត្តនានាដោយសុវត្ថិភាពកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ។

សកម្មភាពនេះគឺអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្រោមការចាត់តាំងរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់បងប្អូនពលរដ្ឋខ្មែរ។

គិតចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច ថ្ងៃពុធ កម្លាំងនគរបាលបានប្រើប្រាស់ រថយន្តចំនួន ០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំង ២៧នាក់ ទៅកាន់លំនៅដ្ឋានដើមរបស់ពួកគាត់ ដែលស្ថិតនៅតាមបណ្ដាខេត្តចំនួន ៣ រួមមាន ខេត្តបន្ទាយមានជ័យ ចំនួន ២៤នាក់ (ស្រី ០៨នាក់) ខេត្តឧត្តរមានជ័យ ចំនួន ០១នាក់ (ប្រុស) ខេត្តសៀមរាប ចំនួន ០២នាក់ (ស្រី)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចាត់តាំងកម្លាំងចុះសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋនេះ គឺជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចាត់ទុកសុវត្ថិភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ពលករចំណាកស្រុក គឺជាកិច្ចការអាទិភាព។

លោកស្នងការបានបញ្ជាក់ថា «ក្នុងនាមអាជ្ញាធរអនុវត្តច្បាប់ យើងមានកាតព្វកិច្ចច្បាស់លាស់ ក្នុងការផ្តល់ភាពកក់ក្តៅ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលវិលត្រឡប់មកមាតុភូមិវិញ។ យើងបានត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ទាំងកម្លាំងជំនាញ និងមធ្យោបាយដឹកជញ្ជូន ដើម្បីធានាថា ពួកគាត់ទាំងអស់គ្នាបានធ្វើដំណើរទៅដល់ផ្ទះសម្បែងរៀងៗខ្លួន ដោយសុវត្ថិភាព និងមិនមានការចំណាយ»។ លោកក៏បានបន្ថែមទៀតថា សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះពលរដ្ឋរបស់ខ្លួន។
បងប្អូនពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកដល់ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។ អ្នកស្រី នី ជាពលរដ្ឋម្នាក់មកពីខេត្តសៀមរាប បានលើកឡើងថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ ព្រោះយើងវិលត្រឡប់មកវិញដោយក្តីបារម្ភ តែឃើញសមត្ថកិច្ចរដ្ឋាភិបាលយើងទទួលរាក់ទាក់ និងរៀបចំឡានដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃបែបនេះ គឺធ្វើឱ្យយើងមានអារម្មណ៍ កក់ក្តៅ និងមានតម្លៃ ជាពលរដ្ឋខ្មែរ។ ការយកចិត្តទុកដាក់នេះបញ្ជាក់ថា រដ្ឋាភិបាលពិតជាគិតគូរពីទុក្ខលំបាករបស់ពួកយើងមែន»។
ចំណាប់អារម្មណ៍ស្រដៀងគ្នានេះក៏ត្រូវបានលើកឡើងដោយពលរដ្ឋជាច្រើននាក់ទៀត ដែលបានអះអាងថា ពួកគេនឹងចងចាំជានិច្ចនូវការយកចិត្តទុកដាក់ និងជំនួយដ៏ទាន់ពេលវេលានេះ៕
ដោយ ឈុន សារ៉ាត





