ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន២៦៥គ្រួសារ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី0៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមនឹងអាជ្ញាធរស្រុក ឃុំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះប្រជាពលរងគ្រោះដោយទឹកជំនន់នេះដែលជានិច្ចកាលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដទុកដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តាករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹមជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាកគឺមានកាកបាទ ក្រហមកម្ពុជាជានិច្ច។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដោយគ្រោះទឹកជំនន់ និងត្រូវចេះថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសកុមារ និងចាស់ជរាងាយប្រឈមខ្ពស់ចំពោះសុខភាពនៅពេលទឹកជំនន់នេះ។ ទឹកទន្លេនៅមិនទាន់ស្រកនៅឡើយដែលកំពង់តែឡើងក្នុងកម្រិតប្រកាសអាសន្ន ដូចនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពលើកុមារ និងចាស់ជរា ជាអ្នកដែល ប្រឈមខ្ពស់ចំពោះបញ្ហាសុខភាព ដែលបង្កឡើងដោយជំងឺផ្សេងៗពិសេសត្រូវប្រកាន់ខ្ជាប់នូវ ការរស់នៅស្អាត ការហូបស្អាត និងបង្កើនការប្រុងយ្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរ្ពិស នៅពេលមានសត្វពស់ខាំត្រូវទៅកាន់ មណ្ឌលសុខភាពព្រោះនៅតាម មណ្ឌលសុខភាពមានថ្នាំពស់ចឹកនិងជំងឺផ្សេងៗផងដែរ។

ឯកឧត្តមបានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅតំបន់ទំនាប សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីធនធានទឹក និងអ្នកសារព័ត៌មាន សូមយកចិត្តទុកដាក់ និងតាមដានរាល់កម្ពស់ទឹកទន្លេ បើមានការសង្ស័យនៃកម្ពស់ទឹក និងបញ្ហាប្រឈមនានាដោយសារទឹកជំនន់ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ អាជ្ញាធរត្រូវបន្តរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លោក លោកស្រីនិងក្រុមការងារ បានផ្ដល់អំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៦៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារ៉ុង១ ក្រមា១ អាវ១ ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





