ឯកឧត្ដម អុី ឡុង នាំយកអំណោយប្រគល់ជូនកម្លាំងជួរមុខ តំបន់បឹងត្រកួន ស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៥--
ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ និងបន្លែចម្រុះ មួយចំនួនធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកជំទាវ ម៉ៅ ម៉ាល័យ ទៅប្រគល់ជូនដល់ កម្លាំងជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ក្នុងតំបន់ បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនៃការចែកអំណោយនេះ ឯកឧត្តម អុី ឡុង បានថ្លែងកោតសរសើរចំពោះវីរភាព និងការលះបង់របស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រាយបញ្ហាព្រំដែនដោយ ភាពអត់ធ្មត់ និងចាស់ទុំ ស្របតាមគោលការណ៍កិច្ចការទូត និងបទឈប់បាញ់ ដែលបានអនុវត្តតាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ដែលតែងតែគិតគូរអំពីសុខទុក្ខ និងសុវត្ថិភាពរបស់កងកម្លាំងជួរមុខជានិច្ច ព្រោះយល់ថាការលះបង់របស់កងទ័ពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់រក្សាបាននូវ សុខសន្តិភាព និង ស្ថិរភាព សម្រាប់ជាតិ និងប្រជាជន។

អំណោយដែលបានប្រគល់ជូនសម្រាប់គ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនធំដែលឯកឧត្តម អុី ឡុង បាននាំយកទៅប្រគល់ជូនកងកម្លាំងជួរមុខនៅពេលនោះ រួមមាន អង្ករ ចំនួន ១២០០ គីឡូក្រាម,មី ចំនួន ២០ កេស, ទឹកត្រី ចំនួន ២០ យួរ,ទឹកស៊ីអុីវ ចំនួន ២០ យួរ,ទឹកផ្លែឈើ ចំនួន ៨ កេស, ប្រហុកបុក ចំនួន ៤០ កែវ, ម្ទេស ចំនួន ១០ គីឡូក្រាម, ត្រីប្រឡាក់ ចំនួន ១០ គីឡូក្រាម, សាច់ជ្រូក ចំនួន ២ គីឡូក្រាម
,ប៊ីចេង ចំនួន ៥ គីឡូក្រាម, ស្កសរ ចំនួន ១០ គីឡូក្រាម អំបិល ចំនួន ១០ គីឡូក្រាម, បន្លែចម្រុះ ចំនួន ៥០០ គីឡូក្រាម និងថវិកាមួយចំនួនទៀត។
តំណាងឲ្យកងកម្លាំងជួរមុខក្នុងតំបន់បឹងត្រកួន បានសម្តែងនូវក្តី រំភើបរីករាយ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ រួមទាំងឯកឧត្តម អុី ឡុង ដែលបានយកចិត្តទុកដាក់ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងបន្លែចម្រុះទាំងនេះមកផ្តល់ជូនទាន់ពេលវេលា។

តំណាងកងកម្លាំងបានលើកឡើងថា អំណោយទាំងនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាបានចូលរួម ដោះស្រាយជីវភាពរស់នៅ ប្រចាំថ្ងៃ និងបានបង្ហាញយ៉ាងច្បាស់អំពី ភាពកក់ក្តៅ របស់ថ្នាក់ដឹកនាំជាតិ ចំពោះកងកម្លាំងដែលឈរជើងនៅជួរមុខ។ ពួកគេបានប្តេជ្ញាចិត្តថា នឹងបន្តខិតខំបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង បូរណភាពទឹកដី ឲ្យបានគង់វង្ស ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕
ដោយ៖ ឈុនសារ៉ាត





