កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥--
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថាកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា។ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways ដែលបានចាប់ផ្តើមតាំងតែពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា ខណៈដែលយើងមានវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយនេះ ដែលមិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាសរវាងរាជធានីភ្នំពេញ និងរាជធានីអាប៊ុយដាប៊ីប៉ុណ្ណោះទេ តែក៏ជាការស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាពរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា និយាយជារួម។

សូមជម្រាបជូនថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានមូលដ្ឋាននៅរាជធានីអាប៊ុយដាប៊ី។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានីអាប៊ុយដាប៊ីឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោកមួយនេះមានជើងហោះហើរត្រង់រវាងរាជធានីអាប៊ូដាប៊ី និងរាជធានីភ្នំពេញចំនួន ៤ជើងក្នុង ១សប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





