ឧត្តមសេនីយ៍ទោ សោម ស៊ុន រៀបចំសាងសង់ផ្ទះថ្មីអំណោយសម្ដេចធិបតីជូនក្រុមគ្រួសារអតីតយុទ្ធជននៅឃុំដង កាំបិត
AKP កំពង់ធំ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំកាលពីថ្ងៃទី០៤ខែតុលាឆ្នាំ២០២៥បានដឹកនាំសហការីទៅសំណេះសំណាល ជាមួយក្រុមគ្រួសារអតីតយុទ្ធជនដែលមានដីតែគ្មានផ្ទះរស់នៅជាកម្មសិទ្ធិដោយពួកគាត់បានរស់នៅជាមួយសាច់ញាតិនិងស្នាក់អាស្រ័យនៅតាមទីកន្លែងដែលកំពុងធ្វើការងារបច្ចុប្បន្នរស់នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ឡាច សុខា អាយុ៦៤ឆ្នាំចូលបម្រើក្នុងជួរកម្លាំងនគរបាលនៅឆ្នាំ១៩៨៤ក្នុងអង្គភាពអធិការដ្ឋាននគរបាលស្រុកសណ្ដាន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយត្រូវបានក្រសួង មហាផ្ទៃដាក់ឱ្យចូលសោធននិវត្តន៍នៅឆ្នាំ២០១៦។លោកមានភរិយានិងក្រុមគ្រួសាររស់នៅក្នុងបន្ទុកចំនួន៤នាក់បច្ចុប្បន្នមានមុខរបរស៊ីឈ្នួលចៀរជ័រកៅស៊ូនៅក្រុមចំការកៅស៊ូឃុំដងកាំបិតស្រុកសណ្ដាន់ខេត្តកំពង់ធំ។
លោកឡាច សុខា បានបញ្ជាក់ថា បច្ចុប្បន្ននេះគាត់មិនមានជម្រកស្នាក់នៅទេ ដោយគាត់ និងភរិយាស្នាក់នៅកន្លែងធ្វើការងារ រីឯកូនៗស្នាក់នៅជាមួយសាច់ញាតិ តែគាត់មានដីជាកម្មសិទ្ឋិទំហំ១២ម៉ែត្រគុណនឹង៥០ម៉ែត្រសម្រាប់ធ្វើការសាងសង់ផ្ទះថ្មីដែលបានសំណូមពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាពេលកន្លងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម លោកតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង។ ថ្ងៃនេះ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា សម្ដេច លោកអនុញ្ញាតឱ្យក្រុមការងារចុះមករៀបចំ ដើម្បីដំណើរការសាងសង់ផ្ទះថ្មីដែលមានទំហំ៥ ម៉ែត្រ គុណនឹង៧ ម៉ែត្រ មានតសំយ៉ាបខាងមុខនិងខាងក្រោយ ដោយសាងសង់ពីសសរបេតុង ជញ្ជាំងស្មាតប៊តនិងមានបង្គន់អនាម័យសម្រាប់ក្រុមគ្រួសារប្រើប្រាស់ផងដែរ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគជា អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារលោក ឡាច សុខា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោក ឡាច សុខា និងភរិយាព្រមទាំងក្រុមគ្រួសារ មានចិត្តរំភើបរីករាយយ៉ាងខ្លាំងនិងបានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះជូនគាត់បានស្នាក់នៅសមរម្យនៅពេលខាងមុខនិងសូមគោរពជូនពរសម្ដេចឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





