សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឱ្យគ្រូបង្គោល ៤០០នាក់ត្រូវបន្ដយកចិត្ដទុកដាក់អប់រំសតិអាម្មរណ៏ចលនា មហាជននៅមូលដ្ឋានឱ្យបានល្អ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥–
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឱ្យគ្រូបង្គោល ចំនួន ៤០០នាក់ មកពី រាជធានី-ខេត្ដ ត្រូវបន្ដយកចិត្ដទុកដាក់អប់រំសតិអាម្មរណ៏ចលនា មហាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីយកប្រៀបឈ្នះ ក្នុងការបោះឆ្នោត ឆ្នាំ២០២៨ខាងមុខនេះ។

សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានស្នើបែបនេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។
ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និងសិក្ខាកាមដែលបានទទួលវគ្គបណ្តុះ បណ្តាលប្រមាណ៤០០នាក់ នៅថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានគណបក្ស ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្សដើម្បីមានលទ្ធភាពគ្រប់គ្រងសភាពការណ៍ និងឆ្លើយតបទៅនឹងសមរភូមិនយោបាយសតិអារម្មណ៍ក្នុងស្រទាប់មហាជនឱ្យកាន់តែល្អប្រសើរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះវីរកងទ័ពកម្ពុជាដែល បានពលីក្នុងបេសកកម្មការពារទឹកដី ក្នុងព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ នាពេលកន្លងមក។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាម សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចមួយចំនួនដូចជាទី១ ,សូម គណៈចលនាមហាជនរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឆ្នាំ២០២៦-២០២៨។ ទី២ ,សូមអគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្រដល់៖ការបណ្តុះបណ្តាលបន្តរបស់គណៈចលនាមហាជនរាជធានី-ខេត្ត។ ដោយផ្អែកតាមបរិបទ និងសភាពការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ជាក់ស្តែងនៅកម្ពុជា ដែលបម្រើឱ្យប្រៀបឈ្នះរបស់គណបក្ស។ ទី៣,សូម សិក្ខាកាម ដែលនឹងក្លាយជាគ្រូបង្គោល លើការបណ្តុះបណ្តាលបន្តនៅតាមរាជធានី-ខេត្ត យកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំលើការងារ នយោបាយ និងសង្គមជាតិ ក៏ ដូចជានៅតាមមូលដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន២២២ រូប ដោយបែងចែកជា ៥វគ្គ សម្រាប់ ២៥ រាជធានី-ខេត្ត។ ក្នុងនោះ វគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃកន្លះ ដោយសិក្ខាកាមនៃវគ្គនីមួយៗ បានទទួលនូវមេរៀនសំខាន់ៗពាក់ព័ន្ធនឹង ទី១. តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន ទី២. វិធីសាស្រ្តគោលក្នុងការប្រឈម និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ទី៣. ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្ត្រផ្សព្វផ្សាយ និង ទី៤.យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសមិទ្ធ ផលសម្រេចបានរបស់ រាជរដ្ឋាភិបាល។ គ្រូបង្គោលដែលបានទទួលវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងទទួលបានសម្បទាគ្រប់គ្រាន់សម្រាប់បើកវគ្គបណ្តុះបណ្តាលការងារចលនាមហាជនដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរៀងៗខ្លួន ៕
ដោយ៖ សួស សំរិត





