ពិព័រណ៍ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥–
ពិព័រណ៍ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំ ដែលជាកម្មវិធីអមទិវាគ្រូបង្រៀននឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី០៥ ហើយបញ្ចប់នៅរសៀលថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំជិតវិមានឯករាជ្យ។ ពិព័រណ៌នេះជាកិច្ចសហការរវាងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ជាមួយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា។

ពិព័រណ៍នឹងមានបង្ហាញស្នាដៃចំនួន៣ប្រភេទ រួមមាន៖ ១.លទ្ធផលនៃការស្រាវជ្រាវជាវត្ថុគំរូ កម្មវិធី ឬ ប្រព័ន្ធដែលពាក់ព័ន្ធនឹង AI។ ២.កម្មវិធីសិក្សា ឬការស្រាវជ្រាវដែលកំពុងដំណើរការពាក់ព័ន្ធនឹង AI និង ៣.គម្រោង ផែនការ ឬគំនិតផ្តួចផ្តើមថ្មីៗស្តីពីការស្រាវជ្រាវដើម្បីអភិវឌ្ឍផ្នែក AI។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កិត្តិយសសម្ពោធបើកពិព័រណ៍នេះជាផ្លូវការនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន និងគណៈនាយកវិទ្យាល័យរដ្ឋ និងឯកជន ដោយក្នុងឱកាសនោះនឹងមានបទអន្តរាគមន៍ពិសេសចំនួន៣ រួមមាន៖ ១.ការប្រកាសជាសាធារណៈនូវសន្និសីទថ្នាក់ជាតិស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំដែលគ្រោងនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥។ ២.ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីគាំទ្រដល់ការរៀន និងការបង្រៀន និង ៣.របត់ថ្មីនៃបែបផែនក្នុងការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ដោយឧបករណ៍បញ្ញាសិប្បនិម្មិត។
សូមជម្រាបជូនថា មកទល់ពេលនេះមានស្នាដៃចំនួន៥០ ដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនឹងត្រូវតាំងបង្ហាញក្នុងពិព័រណ៍ ដែលមកពីស្ថាប័នចំនួន១៤។ ស្នាដៃទាំងអស់ជាការបង្ហាញពីនិន្នាការថ្មីនៃនវានុវត្តគរុកោសល្យ ការលើកកម្ពស់លទ្ធកម្មនៃការសិក្សា ការកែលម្អគុណភាពនៃការអប់រំ និងការជំរុញឧត្តមភាពនៃការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





