ទស្សនកិច្ចការងាររបស់គណៈប្រតិភូអ្នសារព័ត៌មានកម្ពុជារយៈពេលមួយសប្តាហ៍នៅសាធារណរដ្ឋសង្គមនិយមវៀតណាមបានបញ្ចប់ដោយជោគជ័យ
AKP ហាណូយ វៀតណាម, ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ --
គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាដែលដឹកនាំដោយឯកឧត្តម អុិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានដែលបានបំពេញទស្សនកិច្ចការងាររយៈពេលមួយសប្តាហ៍ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទៅទី០៤ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមបានបញ្ចប់ដោយជោគជ័យ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សាសនេះ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាបានទទួលការស្វាគន៍យ៉ាងកក់ក្តៅ ប្រកបដោយមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យព័ត៌មាន។ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា បានជួបពិភាក្សាការងារជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ រួមទាំងកាសែត វិទ្យុ និងទូរទស្សន៍ខេត្ត Ninh Binh និងខេត្ត Quang Ninh ព្រមទាំងបានសិក្សាស្វែងយល់នៅស្ថានីយ៍ទូរទស្សន៍វៀតណាម VTV និងកាសែត VietNam Net ដែលសុទ្ធតែជាស្ថាប័នលំដាប់ខ្ពស់ និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនវៀតណាម។ក្នុងដំណើរទស្សនកិច្ចដ៏មានតម្លៃនេះ គណៈប្រតិភូសារព័ត៌មានកម្ពុជា បានទទួលចំណេះដឹង និងបទពិសោធន៍យ៉ាងទូលំទូលាយពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌នានារបស់ប្រទេសវៀតណាម ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយផ្តោតសំខាន់លើការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន។

គណៈប្រតិភូព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការយកចិត្តទុកដាក់ក្នុងដំនើរទស្សកិច្ចការងារនេះ និងជាពិសេសភាគីវៀតណាមបានចែករំលែកដោយស្មោះត្រង់នូវការងារទូទៅរបស់ស្ថាប័នសារព័តមានប្រកបដោយបច្ចេកទេស។ ប្រតិភូអ្នកសារព័ត៌មានកម្ពុជាទាំងអស់ នឹងនាំយកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ទៅពិនិត្យ និងអនុវត្តន៍នៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឱ្យកាន់តែទំនើបឆ្លើយតបនឹងបរិបទទំនើបភាវូបនីយកម្ម។

សូមបញ្ជាក់ថា គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ចំនួន១០រូប មកពីអគ្កនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា, អគ្គនាយកដា្ឋនវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, App ក្រសួងព័ត៌មាន និងលេខាធិការដ្ឋានសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន (ស.ស.អ) ដែលមានរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ៖ ទូច វលក័្ខណ, រូបថត៖ ខឹម សុវណ្ណារ៉ា





