ករណីប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយទំនុកចិត្តរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥--
កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បងប្អូនកម្មករ-កម្មារិនី បានធ្វើកូដកម្មនៅមុខរោងចក្រ «តារាល អ៊ីនធើណេសិនណល ឯ.ក» (TARAL INTERNATIONAL CO., LTD) តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិថែមទៀតផង។នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យដដែលរូបនេះបានឱ្យដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុនតារាលនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។

លោក ស៊ុន មេសា បញ្ជាក់ថា៖ «ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និងភាគីរោងចក្របានឈានដល់ការព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករនឹងវិលចូលធ្វើការវិញនៅថ្ងទី៤ខែតុលាឆ្នាំ២០២៥តាមការព្រមព្រៀងគ្នា»។

លទ្ធផលសះជាដ៏លឿនរហ័សនេះគឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ៕
ដោយ៖ លឹម សាន្ត





