ខេត្តកំពង់ធំរងជំនន់ទឹកភ្លៀងលើកទី៣ធ្វើឱ្យប៉ះពាល់ដំណាំស្រូវជាង២០០០ហិកតា
AKPកំពង់ធំ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥--
តាមសេចក្ដីរាយការណ៍ពីមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០៣ខែតុលាឆ្នាំ២០២៥បានឱ្យដឹងថាទឹកជំនន់ទឹកភ្លៀងលើកទី៣បានធ្វើឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន២១៩៨ហិកតាលើ ០៧ក្រុង ស្រុក៣១ឃុំ សង្កាត់១២០ភូមិស្មើនឹង២៥៧៣គ្រួសារក្នុងនោះខូចខាតចំនួន១៩០ហិកតាលើ០២ស្រុក៦ឃុំ១៤ភូមិ ស្មើនឹង២៧៣គ្រួសារ។

ស្រុកស្ទោងរងផលប៉ះពាល់លើផ្ទៃដីចំនួន៤៤១ហិកតាលើ០៦ឃុំ ៣៨ភូមិស្មើនឹង៧៧១គ្រួសារក្នុងនោះខូចខាតចំនួន៤០ហិកតាលើ០៤ឃុំ១២ភូមិស្មើនឹង ១១៦គ្រួសារ។ស្រុកកំពង់ស្វាយរងផលប៉ះពាល់លើផ្ទៃដីចំនួន៨១៤ហិកតាលើ០៦ឃុំ១៩ភូមិស្មើនឹង៨៦០គ្រួសារក្នុងនោះខូចខាតចំនួន១៥០ហិកតាលើ០២ឃុំ២ភូមិ ស្មើនឹង១៥៧គ្រួសារ។ក្រុងស្ទឹងសែនរងផលប៉ះពាល់លើផ្ទៃដីចំនួន៥៤ហិកតាលើ០៣សង្កាត់០៧ភូមិ ស្មើនឹង៤៦គ្រួសារ។

ស្រុកបារាយណ៍រងផលប៉ះពាល់លើផ្ទៃដីចំនួន២១៥ហិកតាលើ០៤ឃុំ ៦ភូមិ ស្មើនឹង១៦៨គ្រួសារ។ស្រុកតាំងគោករងផលប៉ះពាល់លើកផ្ទៃដីចំនួន២២៨ហិកតា លើ០២ឃុំ៧ភូមិស្មើនឹង ៥២គ្រួសារ។ស្រុកប្រាសាទសំបូររងផលប៉ះពាល់លើផ្ទៃដីចំនួន១១៦ហិកតាលើ០៤ឃុំ១១ភូមិស្មើនឹង១៤៥គ្រួសាររនិងស្រុកសណ្តាន់រងផលប៉ះពាល់លើផ្ទៃដីចំនួន២៨៥ហិកតាលើ០៦ឃុំ៣២ភូមិ ស្មើនឹង៥៣១គ្រួសារ។
សូមបញ្ជាក់ថាស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។គិតត្រឹមថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៥ទឹកស្ទឹងសែនមានកម្ពស់១៣,៨៣ម៉ែត្រមានការស្រកចុះបន្តិចបើប្រៀបធៀបទៅនិងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាង០,៦៨ម៉ែត្រ។កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន១៣,៥០ម៉ែត្រ។

ប្រភពបានឱ្យដឹងថាល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៥របស់កសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី០៣ខែតុលាឆ្នាំ២០២៥អនុវត្តបានលើផ្ទៃដីសរុបចំនួន២៣៦២០៦ហិកតា ស្មើនឹង១០៧,៣៧ ភាគរយនៃផែនការ២២០០០០ហិកតាធៀបទៅនិង ឆ្នាំមុនរយៈពេលដូចគ្នា ខ្ពស់ជាងចំនួន១៦០៧២ហិកតា។
ទន្ទឹមនឹងនេះកសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ដំណាំរួមផ្សំសរុបចំនួន៤៦១៧៦ហិកតាធៀបទៅនិងឆ្នាំមុនរយៈពេលដូចគ្នាទាបជាងចំនួន៦៨៨៥ហិកតានិងធ្វើការប្រមូលផលស្រូវស្រាលបង្កើនរដូវបានចំនួន៧៣៦៧៤ហិកតាដោយទទួលបានទិន្នផលមធ្យម៤,៤២៣តោនក្នុង០១ហិកតា៕
ដោយ៖ ស៊ុម វណ្ណា





