២ថ្ងៃទៀតបេក្ខជននឹងបានដឹងពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងត្រូវប្រកាសជាផ្លូវការនៅទូទាំងប្រទេសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ពោលគឺនៅសល់ត្រឹម តែ២ថ្ងៃទៀតប៉ុណ្ណោះបេក្ខជននឹងបានដឹងពីលទ្ធផលនៃការប្រឡងរបស់ខ្លួនថាជាប់ ឬធ្លាក់ ខណៈដែល ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ហើយថា «អ្នកចេះ គឺជាប់»។

កាលពីការប្រឡងសញ្ញាបត្រទុតិភូមិរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថាការប្រឡងបានបិទបញ្ចប់ដោយរលូន ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុបចំនួន ២៤១មណ្ឌល ត្រូវជា ៥.៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់៕


ដោយ៖ ចាន់ សុភឿន





