អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ រំលោភបំពានអធិបតេយ្យភាព និងបង្កឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា២៨នាក់រងរបួសធ្ងន់ស្រាល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ – មានប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជាយ៉ាងហោចណាស់ ២៨នាក់បានរងរបួសធ្ងន់ស្រាលដោយសារការរំលោភបំពានមកលើទឹកដីកម្ពុជា ពីកងកម្លាំងទាហានថៃ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។

ថ្លែងនាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា វេលាម៉ោង ១៥,៣០នាទី រសៀលកងកម្លាំងចម្រុះរបស់ភាគីថៃក្នុងនោះមានទាំងកងកម្លាំងតម្រួត ទាហានប៉ារ៉ា ទាហាន ឈុតខ្មៅ នគរបាល និង ប្រជាពលរដ្ឋ ស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ជម្ពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លុះដល់វេលាម៉ោង ១៦,២០នាទី ថ្ងៃដដែលនេះ កងកម្លាំងចម្រុះភាគីថៃបានប្រើប្រាស់រថយន្ត ឧបករណ៍បំពងសំឡេង និងមានកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងដោយបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះដែរកើតឡើង ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេតផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង១១,៥៧នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ហើយទើបតែចាកចេញពីទីតាំងនោះមិនបានប៉ុន្មានម៉ោងផងទេ។
លោកជំទាវអ្នកនាំពាក្យបានថ្លែងដោយបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ផងដែរកងកម្លាំងយោធា និង ក្រុមបង្រ្កាបបាតុកម្មរបស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រដាសត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបង្កអំពើហិង្សា មកលើប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ឧករណ៍បង្រ្កាបបាតុកម្ម និង ជម្ពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ របស់យើង ចំនួន២៨នាក់ បានដួលសន្លប់ និងរងរបួសធ្ងន់ស្រាល ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា”នៅវេលាម៉ោង១៩,២០នាទីយប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅកាន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេ ត្តបន្ទាយមានជ័យម្តងទៀត ដើម្បីពិនិត្យទីកន្លែងនៃការផ្ទុះប៉ះទង្គិច ដែលបង្កឡើងដោយភាគីថៃ”។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBC និង RBC ទាំងអស់កន្លងមក។ជាងនេះទៅទៀតការយកច្បាប់អាជ្ញាសឹក និង ច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្ត ក្នុង ដែនអធិបតេយ្យភាពកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ មកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសាកលដទៃទៀត ។
ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ផងដែរថា នៅចំពោះមុខទង្វើហិង្សាខុសច្បាប់របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងប្រជាជនដទៃទៀតបានរួមគ្នាតវ៉ាដោយសន្តិវិធី ហើយសកម្មភាពទាំងនេះ ស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់ និងការគំរាមកំហែង នៃការរាយលួសបន្លា និងប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា និងព្រមទាំងទ្រព្យសម្បត្តិស្របច្បាប់ របស់ពួកគាត់ ។នៅក្នុងហេតុការណ៍នេះកងកម្លាំងកម្ពុជា ដែលមិនបានប្រដាប់អាវុធក៏មានវត្តមាននៅទីកន្លែងនោះផងដែរដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និង អនុវត្តនូវបទយប់បាញ់និងរួមទាំងការបានឯកភាពគ្នារវាងភាគីកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕
ដោយ៖មករា





