ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍៩រូបត្រូវទៅសិក្សានៅប្រទេសតួកគី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- បងប្អូន និងក្មួយៗនិស្សិតទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកចំណេះវិជ្ជាមកចូលរួមចំណែកក្នុងអភិវឌ្ឍប្រទេសជាតិ ត្រូវមានសាមគ្គីភាព និងជួយយកអាសាគ្នាទៅវិញទៅមក ព្រមទាំងរក្សាបាននូវអត្តសញ្ញាណ និងចែករំលែកវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងទៅកាន់អន្តរជាតិ។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅរដ្ឋាភិបាលប្រទេសតួកគី សម្រាប់ឆ្នាំ២០២៥-២០២៦ ចំនួន ៩រូប នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

លោកជំទាវបានសម្ដែងនូវការអបអរសាទ និងកោតសសើរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលសុទ្ធសឹងតែជាធនធានមនុស្ស និងជាយុវជន បន្តវេនប្រកបដោយសក្ដានុពល និងគុណវុឌ្ឍិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





