ឯកឧត្តម យឹម ឆៃលី៖ ក្រុមការងារគណបក្សចុះជួយក្រុងត្រូវខិតខំធ្វើកិច្ចការងារបម្រើពលរដ្ឋ បង្កើនការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល
AKP កំពង់ចាម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានធ្វើការណែនាំដល់សមាជិក-សមាជិកា គណៈកម្មាធិការគណបក្ស ពិសេសក្រុមការងារ ចុះជួយក្រុងកំពង់ចាម ក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ចាមត្រូវខិតខំធ្វើកិច្ចការងារ បម្រើប្រជាពលរដ្ឋបន្តទៀត ត្រូវធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ កាន់តែបានឃើញអំពីសក្តានុពល និងមានជំនឿជឿជាក់ទៅលើការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថាពិតជាដឹកនាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើនយ៉ាងពិតប្រាកដ។

ឯកឧត្តមថ្លែងបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សក្រុងកំពង់ចាម និងសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាម នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តម យឹម ឆៃលី បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃ របស់ក្រុមការងារចុះជួយក្រុងកំពង់ចាមក្នុងសង្កាត់ទាំង៤ កន្លងមក ដែលបានធ្វើវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបានដឹងអំពីបញ្ហាប្រឈម និងត្រូវការរបស់ ប្រជាពលរដ្ឋ រួមទាំងបាន ដោះស្រាយជូនគាត់ ទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋ មានការការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។


ឯកឧត្តមបានធ្វើការណែនាំដល់ក្រុមការងារ ត្រូវបន្តខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ។ បន្តជំរុញនិងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពរស់នៅប្រកបដោយក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង៕


ដោយ ឆាយ ម៉ុត





