ឯកឧត្តម ឌិត ទីណា៖ តួនាទីមន្ត្រីកសិកម្មឃុំ សង្កាត់ ត្រូវខិតខំរួមចំណែកក្នុងការសម្រេចបាននូវគោលនយោបាយសាមញ្ញ ៤ចំណុច "មានហូប មានប្រេី មានបាន និងមានរហូត"
AKP កណ្តាល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តួនាទី មន្ត្រីកសិកម្មឃុំ សង្កាត់ ត្រូវខិតខំរួមចំណែកក្នុងការសម្រេចបាននូវគោលនយោបាយសាមញ្ញ ៤ចំណុច "មានហូប មានប្រេី មានបាន និងមានរហូត"។
ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈការចូលរួមដោះស្រាយបញ្ហារបស់ប្រជាកសិករ ការផ្តល់បច្ចេកទេសផលិតកម្ម ការពង្រឹងខ្សែច្រវាក់តម្លៃពីដេីមទីដល់ចុងទី ការជំរុញការធ្វេីពិពិធកម្មពូជដំណាំកសិកម្ម និងការជំរុញផ្សព្វផ្សាយការចងក្រងជាសហគមន៍កសិកម្មទំនេីប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលបានទុនកម្ចី ធ្វេីផលិតកម្មតាមកិច្ចសន្យា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ជាច្រើនរូប។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ពិធីសំណេះសំណាលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និង ខិតខំជំរុញឱកាសការងារក្នុងស្រុក។ ពិធីសំណេះសំណាលនេះក៏ជាការលើកទឹកចិត្ត យ៉ាងធំធេងប្រកបដោយភាពកក់ក្តៅ ចំពោះមន្ត្រីកសិកម្មទូទាំងខេត្ត និងជាសក្ខីភាព នៃការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីឱ្យវិស័យនេះកាន់តែមានភាពប្រកួតប្រជែង មានបរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។


ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ និងជាវិស័យស្នូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដោយបានកំណត់ការលើកស្ទួយកសិកម្ម ជាមុំទី៣ នៃបញ្ចកោណទី៤ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ ផ្តោតលើការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាមេរិក ការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ឆ្ពោះសម្រេចបាន គោលនយោបាយសាមញ្ញ ៤ ចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ខេត្តកណ្តាលមានផលិតផលក្នុងស្រុកសរុប ៣ ៤១១ លានដុល្លារ ដែលវិស័យកសិកម្មបានចូលរួមចំណែករហូតដល់ទៅ ៣៧ភាគរយ ខ្ពស់ជាងវិស័យឧស្សាហកម្ម ដែលបានចូលរួមចំណែក ៣៦ភាគរយ និងវិស័យសេវាកម្ម ២៧ភាគរយ។ ទន្ទឹមនឹងនេះ ខេត្តកណ្តាលបានទទួលមន្ត្រីបច្ចេកទេសកសិកម្មឃុំ សង្កាត់ចំនួន ៧១ នាក់ ដើម្បីបម្រើការងារនៅឃុំ សង្កាត់ចំនួន១១ និងមានសហគមន៍កសិកម្មទំនើបចំនួន ១ ក្នុងចំណោម សហគមន៍កសិកម្មទំនើបចំនួន ១៦ ទូទាំងប្រទេស គឺ «សហគមន៍កសិកម្មទំនើបបន្លែ សុវត្ថិភាពកោះខ្សាច់ទន្លា» នៅភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដែលមានសមាជិកសហគមន៍ ១០៤ គ្រួសារ និងផ្ទៃដីផលិតកម្មប្រហែល ២៥ ហិកតា៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





