អភិបាលខេត្តសៀមរាបចូលរួមកាន់វេនបិណ្ឌដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី
AKP សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប រួមជាមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរួមគ្នាកាន់វេនបិណ្ឌទី១០ នៅវត្ដប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ ក៏ជាជីដូន ជីតា និងញាតិការទាំង៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។


ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប មានសង្ឃដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនា ដោយធ្វើឡើងក្នុងគោលបំណង៣យ៉ាងសំខាន់៖ ទី១. ធ្វើដើម្បីឧទ្ទិសដល់អ្នកចែកឋានទៅ ទី២. ធ្វើដើម្បីកុសលសម្រាប់ខ្លួនឯងដែលកំពុងរស់នៅ ដោយអំណាចផលបុណ្យដែលយើងបានធ្វើ និងបានសេចក្តីសុខចម្រើនទាំងក្នុងគ្រួសារ និងសង្គមជាតិ និងទី៣. បង្ហាញការជួបជុំសាមគ្គីគ្នា របស់ប្រជាពុទ្ធបរិស័ទ។

ព្រះតេជគុណបានអំពាវនាវដល់ពុទ្ធបរិស័ទគ្រប់រូប សូមកុំមើលរំលងនូវរដូវកាលដ៏ពិសេសនេះហើយសូមឆ្លៀតឱកាសដ៏កម្រនេះដើម្បីមកវត្តធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតានិងបានរួមចំណែកធ្វើឱ្យពិធីបុណ្យនេះកាន់តែមានន័យ ការធ្វើបុណ្យដោយសេចក្ដីជ្រះថ្លា នឹងទទួលបានផលបុណ្យដ៏មហាសាល ជាបុណ្យដែលយើងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតកុសលផលបុណ្យដ៏ធំធេងជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយផងដែរ៕
ដោយ ឃុត សៅ





