ស្បៀងជាង ៤តោន និងទឹកសុទ្ធ ១,០០០យួរ ត្រូវបាននាំយកទៅកាន់សមរភូមិមុខ ដើម្បីជួយដល់កងទ័ព និងប្រជាជនភៀសសឹក
AKPបន្ទាយមានជ័យថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៦– ក្នុងស្មារតី "សាច់ឈាមខ្មែរតែមួយ" និងដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាម ព្រះសង្ឃ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរួមសហការគ្នានាំយកអំណោយសប្បុរសធម៌យ៉ាងសន្ធឹកសន្ធាប់ទៅចែកជូនដល់មូលដ្ឋានដោយផ្ទាល់។
កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ លោក យឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យរដ្ឋបាលខេត្ត រួមជាមួយព្រះតេជគុណ វ៉ា ចិន្តា (ព្រះវិរៈមុន្នី) និងព្រះតេជគុណ ង៉ែត សម្ផស្ស បាននិមន្តនិងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់នៅទីតាំងជួរមុខ។

អំណោយដែលនាំយកទៅប្រគល់ជូននាពេលនេះ រួមមានបន្លែ និងផ្លែឈើចម្រុះ ជាង ៤ តោនទឹកសុទ្ធ១,០០០ យួរ។
ស្បៀងអាហារទាំងអស់នេះ គឺជាសមិទ្ធផលដែលបានមកពីការតស៊ូនិមន្តបិណ្ឌបាត និងការកៀរគរថវិកាពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស តាមរយៈព្រះតេជគុណ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ (ភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ)។ នេះសបញ្ជាក់ឱ្យឃើញពីអំណាចនៃជំនឿ និងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមកលើព្រះសង្ឃខ្មែរ ក្នុងការបម្រើកិច្ចការសង្គម។

អំណោយទាំងនេះត្រូវបានប្រគល់ជូនដល់ គណៈគ្រប់គ្រងស្នាក់ការក្រុមការងារខេត្ត ដើម្បីចាត់ចែងបែងចែកបន្តទៅកាន់ប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនិងវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ ក្នុងស្ថានភាពប្រឈមខ្លាំង។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត និងព្រះសង្ឃគ្រប់ព្រះអង្គ បានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តលះបង់របស់សប្បុរសជនទាំងអស់។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាសម្ភារៈទាំងនេះមិនទាន់អាចឆ្លើយតបបានទាំងស្រុងនូវរាល់តម្រូវការ ប៉ុន្តែវាគឺជា "ស្មារតីនៃការចែករំលែក" និងជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យកងទ័ព និងប្រជាជនភៀសសឹកមានអារម្មណ៍ថា ពួកគាត់មិនត្រូវបានបោះបង់ចោលឡើយ។

"ស្បៀងអាហារទាំងនេះមិនត្រឹមតែជួយសម្រាលការខ្វះខាតក្រពះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាថ្នាំទិព្វជួយព្យាបាលផ្លូវចិត្ត បង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំរវាង អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្នុងគ្រាដ៏លំបាកបំផុតនៃជាតិមាតុភូមិ។"
សកម្មភាពនេះបានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល និងពោរពេញដោយក្តីសង្ឃឹម ដែលជាគំរូដ៏ល្អសម្រាប់យុទ្ធនាការមនុស្សធម៌ផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ៕
ដោយ៖ ឈុន សារ៉ាត





