ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តឧត្តមវិញ្ញាណរាម
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកញ្ញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចូលរួមកាន់បិណ្ឌវេណទ១០ នៅវត្តឧត្តមវិញ្ញាណរាម ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ អញ្ជើញបូជាទៀនធូបផ្កាភ្ញី ថ្វាយព្រះពុទ្ធិមានៅក្នុងឧបដ្ឋានសិលា និងសម្មាទានសិលតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដែលមានតាំងពីបុរាណមក ដើម្បីជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រៃ ជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ ជាពិសេសការបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទ និងកូនចៅគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន និងបន្តនៅពេលអនាគត ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាជាតិកម្ពុជាគ្រប់មូលដ្ឋានមានឱកាសធ្វើបុណ្យឧទ្ទិសកុសល ផលបុណ្យជូនដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ សូមអញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

ក្នុងពិធីនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានអញ្ជើញរាប់បាត្រ និងវេរប្រគេនបច្ច័យដល់ព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ដែលបានប្រារព្ធធ្វើនាឱកាសនេះជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមមកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លា ដែលឯកឧត្តម លោកជំទាវ មន្រ្តីរាជការ ពុទ្ធបរិស័ទវេប្រគល់ជូនតាមរយៈព្រះសង្ឃ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកសម្ភារមួយចំនួនប្រគេនព្រះសង្ឃវត្តឧត្តមវិញ្ញាណរាម ដូចជា ១- អង្ករ៣០០គីឡូក្រាម ២-មី ២៤កេស ៣-ទឹកត្រី ១០យួរ ៤-ទឹកស៊ីអ៉ីវ ១០យួរ ៤-ទឹកសុទ្ធ១០កេស ៥-ទឹកក្រូច ១០កេស ចង្ហាន់បិណ្ឌបាត្រចំនួន៥ឆ្នាំង ថវិកាប្រគេនព្រះសង្ឃក្នុងមួយអង្គ១០ម៉ឺនរៀល ដោយឡែកព្រះតេជគុណចៅអធិការវត្តចំនួន ២០ម៉ឺនរៀល ជូនលោកអាចារ្យ គណ:កម្មការវត្តក្នុងម្នាក់ៗ ៥ម៉ឺនរៀល យាយជី តាជីក្នុងម្នាក់ ក្រណាត់ស ១ដុំ ថវិកា២ម៉ឺនរៀល និងបច្ច័យប្រគេនវត្តដើម្បីកសាងសមិទ្ធផលចំនួន ១០លានរៀល៕
ដោយ ងូ សុមុនី





