ទីភ្នាក់ងារ KOICA និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ផ្ដល់កង់ចំនួន១៥០គ្រឿង និងសម្ភារសិក្សាជូនសិស្សានុសិស្សក្នុងសាលាបឋមសិក្សាកំពង់លួង នៅខេត្តពោធិ៍សាត់
AKP ពោធិ៍សាត់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥–ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ បានរៀបចំសកម្មភាពរួមចំណែកសង្គមរួមបញ្ចូលគ្នានៅសាលាអនុវិទ្យាល័យ និង បឋមសិក្សាកំពង់លួង ខេត្តពោធិ៍សាត់។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកចូលរួមជាង៦០០នាក់ រួមមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា មន្ត្រីមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសមាជិកសហគមន៍ ដែលធ្វើឱ្យទីធ្លាសាលាក្លាយជាមជ្ឈមណ្ឌលថាមពល និងសុច្ឆន្ទៈ។

ពិធីនេះ បានធ្វើឡើងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នី ចិត្រា នាយកសាលាបឋមសិក្សាកំពង់លួង និងលោកស្រី ឆយ មូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ឯកឧត្ដម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាលសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ការផ្ដល់ជូននេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានផ្តល់កង់ចំនួន១៥០គ្រឿង កាតាបស្ពាយចំនួន២៥០ សៀវភៅសរសេរចំនួន៤០០ក្បាល និងប៊ិចចំនួន៤០០ដើម ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញចំនួន៣០០ឈុត សៀវភៅសិក្សា និងសៀវភៅរឿងនិទាន និងនំចំណីអាហារមានជីវជាតិ។ អំណោយទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្សរាប់រយនាក់ និងក្រុមគ្រួសាររបស់ពួកគេ ជួយកុមារក្នុងការធ្វើដំណើរទៅសាលារៀនកាន់តែងាយស្រួលសិក្សាជាមួយនឹងសម្ភារគ្រប់គ្រាន់ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសុខភាព និងអនាម័យរបស់ពួកគេ។

ក្រៅពីការផ្តល់ជំនួយផ្នែកសម្ភារ ព្រឹត្តិការណ៍នេះមានន័យសំខាន់ជាងនេះ ដោយបានរួមបញ្ចូលគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការចម្រុះរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។ នេះមិនត្រឹមតែជាពិធីផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាដែលភ្ជាប់កម្មវិធីអ្នកស្ម័គ្រចិត្តរបស់ KOICA សកម្មភាពអតីតកម្មសិក្សាការី និងគំនិតផ្តួចផ្តើមផ្អែកលើគម្រោងផងដែរ។

ក្រុមអ្នកស្ម័គ្រចិត្តកូរ៉េនៃមន្ទីរពេទ្យកុមារជាតិ រួមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាពីរនាក់ បានផ្តល់ការពិគ្រោះយោបល់ ខណៈដែលអង្គការសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ(PMCI) បាននាំយករថយន្តគ្លីនិកចល័តដែលមានម៉ាស៊ីន X-ray ឌីជីថល ម៉ាស៊ីនអុលត្រាសោន ម៉ាស៊ីនតេស្តឈាម និងមុខងារផ្សេងៗ។
លើសពីនេះទៀត សមាជិកសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ បានធ្វើការអប់រំអាហារូបត្ថម្ភ និងអនាម័យជាមូលដ្ឋានសម្រាប់កុមារពីមត្តេយ្យដល់សាលាបឋមសិក្សា។ សកម្មភាពទាំងនេះ រួមមាន ការអានសៀវភៅរឿងដែលមានប្រធានបទអាហារូបត្ថម្ភដើម្បីកំណត់សារធាតុចិញ្ចឹមនៅក្នុងអាហារ ការផ្គូផ្គងមុខម្ហូបទៅនឹងរូបថត អាហារនៅសាលា និងការអនុវត្តការដុសធ្មេញជាមួយគំរូធ្មេញ។

សាលារៀនផ្ទាល់ គឺជាផ្នែកមួយនៃកម្មវិធីផ្តល់អាហារតាមផ្ទះដល់កុមារនៅសាលារៀនក្នុងប្រទេសកម្ពុជា របស់ KOICA និងអង្គការស្បៀងអាហារពិភពលោក (ដំណាក់កាលទី១៖ ២០២០-២០២៤ និងដំណាក់កាលទី២៖ ២០២៥-២០២៩)។
សូមជម្រាបជូនថា នៅទូទាំងខេត្តពោធិ៍សាត់ មានសាលារៀនចំនួន១១៦ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ ដែលមានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ ការចូលរួមសាលា និងលទ្ធផលសិក្សាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអាហារ ដោយប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ ការផ្សារភ្ជាប់កម្មវិធីផ្តល់ចំណីអាហារដល់សាលារៀន ជាមួយនឹងសកម្មភាពសង្គម ដូចជាព្រឹត្តិការណ៍ថ្ងៃនេះ បានបង្កើតឱ្យមានការរួមបញ្ចូលគ្នា ដែលពង្រីកពីថ្នាក់រៀនដល់សហគមន៍កាន់តែទូលំទូលាយ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍កោតសរសើរចំពោះការបន្តគាំទ្ររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់កុមារ និងគ្រួសារក្នុងខេត្តពោធិ៍សាត់។
លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) បានសង្កត់ធ្ងន់លើអត្ថន័យទូលំទូលាយនៃព្រឹត្តិការណ៍នេះថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះគឺជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំនិងយូរអង្វែងរវាងកូរ៉េនិងកម្ពុជា»។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិបាលខេត្ត និងរដ្ឋបាលខេត្តពោធិ៍សាត់សម្រាប់កិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារ KOICA) ចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង។
សូមបញ្ជាក់ផងដែរថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មានភាពជាដៃគូយូរអង្វែងជាមួយខេត្តពោធិ៍សាត់ ដោយបានបញ្ជូនអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ចំនួន២៥នាក់ ចាប់តាំងពីឆ្នាំ២០០៦ ក្នុងវិស័យអប់រំ សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព្រឹត្តិការណ៍នេះ បង្ហាញពីរបៀបដែលកិច្ចសហការរបស់កូរ៉េជាមួយកម្ពុជាបានបញ្ចូលវិស័យជាច្រើនកម្មវិធីស្ម័គ្រចិត្ត កិច្ចសហការរបស់សមាជិកសមាគម កម្មវិធីបណ្តុះបណ្តាល និងគម្រោងថ្នាក់ជាតិ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការតែមួយ បង្កើតបានលទ្ឋផលប្រកបដោយអត្ថន័យសម្រាប់កុមារ និងសហគមន៍នៅទូទាំងខេត្តពោធិ៍សាត់៕
ដោយ៖ រិទ្ធី ប្រភព៖ KOICA





