បទយកការណ៍៖ ការអនុវត្តតាមធម៌បរាភវសូត្រ ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្ដីចម្រើនក្នុងជីវិត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥--អ្នកកាន់ព្រះពុទ្ធសាសនាក្នុងពិភពលោក តែងតែបានស្ដាប់ បានឮធម៌បរាភវសូត្រ ជាពិសេសព្រះសង្ឃ ប្រជាពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា និយមសូត្រធម៌បរាភវសូត្រនេះ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីជាការអប់រំក្រើនរម្លឹកដល់ពុទ្ធបរិស័ទឱ្យយល់ពីតម្លៃនៃការប្រតិបត្តិធម៌បរាភវសូត្រ ផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។

បរាភវសូត្រ មានន័យថា គឺព្រះសូត្រដែលអង្គព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងអំពីហេតុដែលនាំឱ្យវិនាសហិនហោច។ នរណាលេងស្រី នរណាលេងស្រា នរណាលេងល្បែងស៊ីសង ទ្រព្យធននានាដែលខ្លួនរកបានហើយក៏ទុកដាក់ពុំគង់ នរជននោះ តែងតែលិចលង់ក្នុងសេចក្តីវិនាសអន្តរាយ។ អំពើទាំងនោះឈ្មោះថាជាប្រធាននៃសេចក្ដីវិនាស។

ព្រះតេជគុណ ព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណថ្នាក់កិត្តិយស ព្រះវិន័យធរអនុគណក្រុងឧដុង្គម៉ែជ័យ និងជាព្រះចៅអធិការ វត្តហរិរក្សរាជិនី(វាំងចាស់) បានមានថេរដីកាថា បរាភវសូត្រមានសារៈសំខាន់ណាស់សម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិប្រចាំថ្ងៃ ដើម្បីធ្វើឱ្យជីវិតមានតម្លៃ ចេះគោរពគ្នាទៅវិញទៅមក នាំឱ្យសង្គមមានសុខសន្តិភាព។

នៅពេលសួរថា ហេតុអ្វីធម៌បរាភវសូត្រនេះ ច្រើនតែព្រះសង្ឃ ឬបរិស័ទសូត្រតែពេលជិតភ្លឺ នៅរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនោះ? ជាការឆ្លើយតប ព្រះឥន្ទសិរីវង្ស តាត វិបុល បានបកស្រាយថា៖ «ដោយសារ បុរាណាចារ្យយើងយល់ថាពេលទៀបភ្លឺ ពុទ្ធបរិស័ទអញ្ជើញទៅវត្តច្រើន ដើម្បីបោះបាយបិណ្ឌ ស្របពេលជាមួយគ្នានេះ ពុទ្ធបរិស័ទ ជាពិសេស យុវជន យុវនារី បានស្ដាប់ព្រះធម៌បរាភវសូត្រ»។

ជាមួយគ្នានេះ បណ្ឌិតបញ្ញវន្ត ដែលចូលចិត្តស្ដាប់បរាភវសូត្រ បានទទួលស្គាល់ថា បរាភវសូត្រមានអត្ថន័យល្អណាស់ សម្រាប់អប់រំមនុស្សឱ្យដើរផ្លូវត្រូវ រស់នៅជាមួយគ្នាដោយសុខដុមរមនា។ ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសម្ព័ន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជាបានមានប្រសាសន៍ថា អត្ថន័យក្នុងបរាភវសូត្រនេះ មិនមែនដាស់តឿនសម្រាប់តែថ្នាក់ដឹកនាំទេ គឺត្រូវទាំងពុទ្ធចក្រ ទាំងអាណាចក្រ ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់ប្រតិបត្តិ ហើយជាពិសេសទាំងប្រជាជនទូទៅ គឺត្រូវប្រកាន់ខ្ជាប់នូវកិច្ចការងារ ត្រូវឱ្យស្គាល់ហេតុដែលនាំឱ្យមានសេចក្ដីវិនាសដែលតាមភាសាធម៌ ហៅថា បរាភវសូត្រ មាន១២ប្រការ។

ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត បានគូសបញ្ជាក់ថា៖ «កាលណាយើងប្រកាន់ខ្ជាប់តាមបរាភវសូត្រ យើងបានដឹងនូវហេតុដែលនាំឱ្យវិនាស ដើម្បីឱ្យយើងវៀរចាកអបាយមុខទាំងឡាយដែលជាហេតុនាំឱ្យវិនាស។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវរៀន ត្រូវដឹង ១ថ្ងៃ រៀន១ប្រការ ១២ថ្ងៃគឺអាចនឹងចាំអស់ហើយនូវធម៌បរាភវសូត្រទាំង១២កង ឬ១២ប្រការនេះ»។

បើស្តាប់បរាភវសូត្រនឹងមានការសិក្សាឈ្វេងយល់ហើយអាចកែប្រែនូវចំណុចមិនល្អ ដែលឈានទៅរកសេចក្តីវិនាស។ នេះជាលើកឡើងរបស់ លោក ធឿន វុឌ្ឍី មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប។ និយាយដោយងាយយល់ទៅ បរាភវសូត្រ គឺធម៌ដែលពន្យល់មនុស្សលោកឱ្យដើរចៀសនូវអបាយមុខទាំងពួង។ ម្យ៉ាងទៀតការចេះចាំយល់ដឹងនូវបរាភវសូត្រនេះ គឺជាមេរៀនជីវិតល្អណាស់ ព្រោះមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជីវិតរស់នៅប្រចាំថ្ងៃ ធ្វើឱ្យសង្គមគ្រួសារ សង្គមមនុស្ស មានភាពសុខសាន្ត និងសុខដុមរមនា។
បើតាមការពន្យល់របស់ ព្រះតេជគុណ ព្រះឥន្ទសិរីវង្ស តាត វិបុល ឯកឧត្តមឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព និង លោក ធឿន វុឌ្ឍី ក្នុងនាមយើងជាពុទ្ធបរិស័ទចាំបាច់ណាស់គប្បីសិក្សាឈ្វេងយល់នូវ បរាភវសូត្រ(ហេតុនាំឱ្យកើតសេចក្ដីវិនាស) ឱ្យបានច្បាស់លាស់ ដើម្បីគេចចេញពីសេចក្ដីវិនាសដែលនាំឱ្យជីវិតអន្តរាយ រួចគ្រប់គ្រងដំណើរជីវិតឱ្យបានល្អឈានទៅរកភាពរុងរឿងនៃជីវិតក្នុងសង្គម។
សូមជម្រាបជូនថា ខាងក្រោមនេះជាខ្លឹមសារ បរាភវសូត្រ គឺសេចក្តីវិនាសទាំង១២កង ពន្យល់ដោយសង្ខេប មានជាអាទិ៍៖ ១. អ្នកមិនចូលចិត្តស្តាប់ធម៌-រៀនធម៌ នឹងចាប់ផ្តើមចូលចិត្តបន្តិចម្តងៗរហូតក្លាយជាអ្នកចូលចិត្តស្តាប់ ចូលចិត្តសិក្សារៀនសូត្រ យកធម៌មកដាក់ក្នុងចិត្ត ក្លាយជាអ្នកបដិបត្តិធម៌។ ការបដិបត្តិធម៌ ឈ្មោះថា គោរពច្បាប់ក្នុងការរស់នៅ ហើយនឹងនាំឱ្យការរស់មានសេចក្តីសុខ សុភមង្គលក្នុងជីវិត។ ២.អ្នកដែលសេពគប់ជនអសប្បុរស នឹងកែប្រែទម្លាប់លេងសេពគប់ជនជាអសប្បុរស ហើយចាប់ផ្តើមសេពគប់រាប់រកជនជាសប្បុរសជាបណ្តើរៗ ដែលនឹងនាំឱ្យអ្នកនោះ មានសុទ្ធតែមនុស្សល្អៗនៅជុំវិញខ្លួន។ ៣.មនុស្សដែលចំណាយពេលច្រើនលើការគេង គឺបាត់បង់ពេលអភិវឌ្បន៍ខ្លួន និងឱកាសនៅក្នុងជីវិត។ និយាយច្រើនពេកគ្មានការគិតអាចបង្កបញ្ហានិងប៉ះពាល់ដល់កិត្តិយស។ ការខ្ជិលច្រអូសធ្វើឱ្យគ្មានភាពរីកចម្រើន និងខាតបង់ទាំងទ្រព្យសម្បត្តិព្រមទាំងឱកាសផ្សេងៗ។ ការបង្ហាញកំហឹងចំពោះអ្នកដទៃឬឆ្លើយតបដោយអារម្មណ៍ទោសៈ វាបំផ្លាញទំនាក់ទំនងល្អនិងបណ្តាលឱ្យគេមើលងាយ។ ការចេះរក្សាពាក្យសម្តី ការខិតខំប្រឹងប្រែង និងការចេះគ្រប់គ្រងអារម្មណ៍ គឺជាគន្លឺះផ្លាស់ប្តូរពីសេចក្តីវិនាសទៅជាសេចក្តីចម្រើននិងសុមង្គល។ ៤. អ្នកមានទ្រព្យសម្បត្តិ តែមិនចិញ្ចឹមម្តាយឪពុកឱ្យបានល្អ ដោយបំភ្លេច ឬមិនថែរក្សាម្តាយឪពុកចាស់ជរា គឺជាមនុស្សមិនមានមេត្តា និងបាត់បង់តម្លៃនៅក្នុងជីវិត។ ទោះមានទ្រព្យសម្បត្តិ ឬជីវភាពល្អយ៉ាងណា ក៏គ្មានន័យ ប្រសិនបើមិនគោរពថែរក្សាម្តាយឪពុកចាស់ជរាដែលបានចិញ្ចឹមបីបាច់អប់រំខ្លួន។ មនុស្សដែលមិនគោរពម្តាយឪពុក ទោះមានទ្រព្យច្រើនយ៉ាងណាក៏មិនអាចទទួលបានសុភមង្គលពិតប្រាកដបានឡើយ។ ៥.អ្នកដែលនិយាយកុហក បោកប្រាស់ បំភាន់ចំពោះអ្នកមានសីល ឬអ្នកក្រខ្សត់ គឺជាមនុស្សកំពុងបំផ្លាញខ្លួនឯង។ ពាក្យកុហកអាចបំផ្លាញទំនុកចិត្តនិងកិត្តិយសក្នុងពេលវេលាខ្លី និង បង្កការបាត់បង់ធំធេងនៅថ្ងៃក្រោយ។ ពាក្យកុហកអាចធ្វើឱ្យខ្លួនឯងទទួលបានអត្ថប្រយោជន៍បន្តិចបន្តួច ប៉ុន្តែវានឹងបំផ្លាញកិត្តិយស និងឱកាសនាអនាគត។ ចំណែកមនុស្សស្មោះត្រង់វិញ ទោះមានទ្រព្យតិចក៏មានតម្លៃខ្ពស់។ ដូច្នេះ កុំប្រើពាក្យកុហកដើម្បីតែប្រយោជន៍ខ្លួនឯង ព្រោះវាជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ សេចក្តីស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃជាងសម្ភារទាំងឡាយ។៦.អ្នកមានហូរហៀហើយធ្វើមានបានតែម្នាក់ឯង។ អ្នកមានទ្រព្យច្រើនតែមិនចេះចែករំលែក ឬជួយសង្គម ក៏វិនាសដែរ។ ទ្រព្យសម្បត្តិមានន័យ គឺនៅពេលយើងប្រើវាដើម្បីជួយអ្នកដទៃ។ ចិត្តសប្បុរស គឺជាទ្រព្យអមតៈ ផ្តល់ទាំងកិត្តិយសនិងសុភមង្គលនិងសេចក្តីសុខពិតប្រាកដ។ ៧. អ្នកដែលប្រកាន់ជាតិវង្សត្រកូល អំបូរពូជពង្ស ហើយមិនប្រមូលរាប់អានសាច់ញាតិសន្តាន អ្នកភូមិផងរបងជាមួយ មិនអើពើ មិនរាប់អានសាច់ញាតិ និងអ្នកជិតខាង ក៏ជាការប៉ះពាល់ដល់ទំនាក់ទំនងសង្គម និងបាត់បង់សេចក្តីស្រឡាញ់ពីមនុស្សជុំវិញ។ ៨. អ្នកដែលប្រព្រឹត្តល្បែងស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យទ្រព្យសម្បត្តិខ្ជះខ្ជាយវិនាសដោយឥតប្រយោជន៍។ ទ្រព្យដែលរកបានដោយកម្លាំងញើសឈាម ក៏បាត់បង់ទៅដោយឥតប្រយោជន៍។ ទ្រព្យសម្បត្តិគឺបានពីការខិតខំប្រឹងប្រែង យើងត្រូវប្រើប្រាស់វាឱ្យបានត្រឹមត្រូវសម្រាប់គ្រួសារនិងសង្គម។ ៩. អ្នកមិនត្រេកអរនឹងភរិយា ឬស្វាមីខ្លួន ដោយទៅជាប់ជួនត្រេកត្រអាលជាមួយស្ត្រី ឬបុរសដទៃ ជាហេតុនាំឱ្យវិនាស។ ការសន្តោស ឬការត្រេកអរជាមួយភរិយា ឬស្វាមីរបស់ខ្លួន គឺបានបញ្ជាក់ពីការស្មោះត្រង់។ ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក នឹងនាំឱ្យជីវិតប្តីប្រពន្ធពោរពេញទៅដោយក្តីសុខ សុភមង្គល និងកិត្តិយសឧត្តុង្គឧត្តម។ ១០. អ្នកមានវ័យចាស់ តែជ្រើសរើសយកភរិយា ឬ ស្វាមីដែលក្មេងជាងខ្លួនខ្លាំងពេក នឹងនាំឱ្យជួបក្តីវិនាស។ មនុស្សមានវ័យខុសគ្នាច្រើនពេក តែងមានចំណង់ចំណូលចិត្តខុសគ្នាច្រើន ដែលប្រឈមនឹងការប្រេះឆា បែកបាក់។ ចំណុចនេះ យើងអាចរៀនសូត្របាន និងយកជាមេរៀនក្នុងការជ្រើសរើសគូស្រករ ឬ ដៃគូជីវិត។ ១១. បុរស ឬ ស្ត្រីដែលជាមេគ្រួសារហើយជាមនុស្សខ្ជះខ្ជាយ មិនចេះចាត់ចែងគ្រប់គ្រងដោយល្អ គ្រួសារនោះនឹងប្រឈមក្តីវិនាស មិនរីកចម្រើន មានបំណុលវ័ណ្ឌក... ជាដើម។ មេគ្រួសារ ត្រូវតែជាមនុស្សដែលចេះ លៃលកចាត់ចែង ចេះពីរបៀបចាយវាយទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ ទើបគ្រួសារនោះមិនធ្លាក់ចុះ។ ១២. អ្នកកើតក្នុងត្រកូលជាក្សត្រ ឬ ត្រកូលអ្នកធំ តែឥតចំណេះដឹងផង ខ្សត់ទ្រព្យសម្បត្តិផង តែប្រាថ្នាធ្វើជាធំ គឺតែងពិបាកសម្រេចគោលបំណងណាស់។ ការមានតួនាទីធំដុំក្នុងការងារគ្រប់គ្រងដឹកនាំ គឺទាមទារឱ្យមានចំណេះដឹង សមត្ថភាព លទ្ធភាពគ្រប់គ្រាន់ទើបអាចបំពេញតួនាទីនោះបានល្អ៕
ដោយ៖ គង់ សិរីរ័ត្ន និង រិទ្ធី





