ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកចម្រុះ ក្រោមហិរញ្ញប្បទាន ADB និងAIIB
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ ស៊ីណាត បានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងធ្វើការឱ្យបានជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់(GDR) ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តនូវអ្វីដែលជាលក្ខខណ្ឌចែង និងនិយាមទាំងឡាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងដែលផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពបច្ចេកទេសដើម្បីជំរុញការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកចម្រុះ (IWRM) ក្រោមសហហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីស្ដីការក្រសួង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយផ្ទាល់ជាមួយអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់(GDR) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានវត្តមានចូលរួមពីសហក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Ryutaro Takaku-Bessho និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលដឹកនាំដោយលោក Ronald Muana ដើម្បីពិនិត្យលើកិច្ចការនានា ជាមួយនឹងលក្ខខណ្ឌតម្រូវពីធនាគារដែលជាដៃគូអភិវឌ្ឍន៍ទាំងពីរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





