លោកជំទាវ ភឿង សកុណា ជួបតំណាងក្រុមហ៊ុន Art Exhibition China ទាក់ទងស្នើសុំខ្ចីរូបចម្លាក់បុរាណខ្មែរទៅដាក់តាំងបង្ហាញនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥--លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបតំណាងក្រុមហ៊ុន Art Exhibition China និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាការងារ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរ បានពិភាក្សាទាក់ទងការស្នើសុំខ្ចីរូបចម្លាក់បុរាណខ្មែរទៅដាក់តាំងបង្ហាញនៅប្រទេសចិន។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានបង្ហាញពីឆន្ទៈរីករាយក្នុងការសហការជាមួយភាគីចិនដើម្បីរៀបចំពិព័រណ៍ចល័តនៅប្រទេសចិននាដើមឆ្នាំ២០២៦ខាងមុខនេះ និងបានស្នើសុំភាគីចិនក្នុងការជួយគាំទ្រដល់សកម្មភាពនៃការអភិរក្សវត្ថុបុរាណ។

ក្រៅពីកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ ក្នុងការទាមទារនិងគ្រប់គ្រងវត្ថុដែលទទួលបានមកពីបរទេសវិញ ដ្បិតនាពេលកន្លងមកប្រទេសទាំងពីរធ្លាប់រងគ្រោះដោយសារការលួចជីកយកវត្ថុបុរាណចេញទៅលក់នៅបរទេស៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





