ក្រសួងសង្គមកិច្ចបើកសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពជបនបង្គោល ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ (CPIMS) និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធនេះចំនួន ៤៩នាក់ នៅទីស្តីការក្រសួង ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូចំនួន១៤។

ក្នុងឱកាសនោះ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដែលរៀបចំនៅពេលនេះមានចំណុចសំខាន់៤៖ ទី១. ពង្រឹងសមត្ថភាពជនបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ទី២. បង្ហាត់បង្ហាញអំពីវិធីសាស្ត្របញ្ចូលទិន្នន័យឱ្យបានត្រឹមត្រូវ និងមានគុណភាព ទី៣. បញ្ចូលទិន្នន័យឆ្នាំ២០២៤ ទៅក្នុងប្រព័ន្ធកិច្ចការពារកុមារ CPIMS និងទី៤. បង្ហាត់បង្ហាញអំពីការវិភាគទិន្នន័យសម្រាប់ការរៀបចំផែនការ និងថវិការាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលកម្រិតខ្ពស់។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា២០២៤-២០២៨ ដែលបានកំណត់អំពីការងារអាទិភាពតាមវិស័យ ក្នុងនោះ ការងារកុមារក៏ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំងឡាយដែលក្រសួងបានកំណត់។

ឯកឧត្តមបានគួសបញ្ជាក់ទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារហៅកាត់ថា (CPIMS) គឺជាប្រព័ន្ធមួយដែលបានប្រមូលផ្តុំនូវទិន្នន័យនៃសូចនាករផ្នែកកិច្ចការពារកុមារ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការតាក់តែងច្បាប់ គោលនយោបាយ ផែនការ លិខិតបទដ្ឋានគតិយុត្ត យន្តការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងវិធានការណ៍នានា ដើម្បីផ្តល់សេវាកិច្ចការពារកុមារពីអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ចរូបភាព សំដៅលើកកម្ពស់សិទ្ធិសេរីភាព និងការពារឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។

ការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមាររនះឡើង ដែលប្រព័ន្ធនេះប្រមូលផ្តុំទិន្នន័យនៃសូចនាករកិច្ចការពារ ដើម្បីបម្រើអោយការធ្វើគោលនយោបាយ ច្បាប់ ផែនការ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





